(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា ការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់ជនត្រូវ ចោទគឺអាចធ្វើទៅបាន ក៏ប៉ុន្តែលោកថា ចៅក្រមនឹងពិចារណាលើនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ពាក់ព័ន្ធ មុននឹងសម្រេចថាយ៉ាងណានោះ។
ការអះអាងរបស់ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានប្រកាសថា លោកនឹងចេញថវិកា និងធ្វើជាអ្នកធានាឲ្យលោក ស៊ាង ចែត អតីតមេឃុំមកពីគណបក្ស សម រង្ស៊ី នៅក្រៅឃុំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រសិនបើ តុលាការអនុញ្ញាត។
លោក លី សុផាណា បានអះអាងយ៉ាងដូច្នេះថា «ជនត្រូវចោទ មានសិទ្ធិដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន មកចៅក្រមសើបសួរឬអាចប្រើប្រាស់សិទ្ធិនេះ តាមរយៈមេធាវីការពារសិទ្ធិ របស់ជនត្រូវចោទហើយចៅក្រមស៊ើបសួរ នឹងពិនិត្យលើមូលហេតុដែលស្នើសុំនេះដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ដែលពាក់ព័ន្ធជាធរមាន»។
សូមបញ្ជាក់ថា អតីតមេឃុំ លោក ស៊ាង ចែត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្រោមបទប្រកាន់ «សូកប៉ាន់សាក្សី»។ លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀមខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានព្រលយថា លោក ស៊ាង ចែត បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕