(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល ខណៈដែលមានករណីពុលផ្សិតនៅខេត្តរតនគិរី ចំនួន ១៧ករណី។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកទ២៤ ខែកក្កដា នេះបានឲ្យដឹងថា កាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំឃុំប៉ក់ញ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត ដោយត្រូវបាននិងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។
ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុមការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធដោយទទួលការផ្ដល់យោបល់បច្ចេកទេសពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវករណីពុលនេះនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្ដាលឱ្យពុល នៅពេលបរិភោគ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានការដូចខាងក្រោមប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយត្រូវ៖
*មុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថា ផ្សិតនោះមិនពុល ឬសូមស្វែងរក សាកសួរចាស់ទុំ ដែលស្គាល់ច្បាស់ថា ផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព។
*ចម្អិនផ្សិតដែលមិនពុលឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ មុនបរិភោគ។
*ប្រកាន់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត មុនចាប់កាន់អាហារ និងទទួលទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ។
រោគសញ្ញានៃការពុលផ្សិត អាចកើតក្រោយពីបរិភោគរយៈពេល ២ម៉ោង ទៅ ៦ម៉ោង ឬ ច្រើនថ្ងៃ ដែលមានដូចជា ចុកពោះ រាក ក្អួត បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើមឡេះឡះ រហូតដល់
អាចស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា ជាតិពុលខ្លះប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ។
អ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។
ក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់បងប្អូនពលរដ្ឋគ្រប់រូបអនុវត្តតាមការណែនាំខាងលើ និងសូមបន្តផ្សព្វផ្សាយសារអប់រំនេះដល់ក្រុមគ្រួសារ ញាតិមិត្ត ដើម្បីចៀសផុតពីការឈឺ គ្រោះថ្នាក់ដល់ជីវិតដោយសារការបរិភោគផ្សិតពុល និងសូមមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយ និងធ្វើការណែនាំអប់រំ ការអនុវត្តវិធានការខាងលើ ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕