(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) មានប្រារព្ធពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់ វេជ្ជបណ្ឌិតឯកទេសជ័យលាភី អាហារូបករណ៍ Diplôme de Formation Médicale Spécialisée /Approfondie (DFMS/A) នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដែលត្រូវបន្តការសិក្សានៅប្រទេសបារាំង។
ពិធីនេះបានប្រព្រឹត្រ្តទៅក្រោម គណៈអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងឱកាសនោះដែរ មានលោក Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជា រួមជាមួយវត្តមានរបស់ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ ស.វ.ស ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងនិស្សិតជ័យលាភី អាហារូបករណ៍ DFMS/A ចំនួន ២៨ រូប។
លោកសាកលវិទ្យាធិការ បានរបាយការណ៍សង្ខេបទាក់ទង នឹងអាហារូបករណ៍ ដែលផ្តល់ឱ្យ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងការបណ្តុះបណ្តាល ពង្រឹងចំណេះដឹងថ្នាក់ ឯកទេសបន្តនៅប្រទេសបារាំង។
លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់ឆ្នាំ ២០១៦នេះ មាននិស្សិត ស.វ.ស សរុបចំនួន ៦១០នាក់ ហើយដែលត្រូវបានជ្រើសរើសឲ្យទៅបន្ត ការសិក្សាឯកទេសបន្ថែមនៅប្រទេសបារាំង ។ ដោយឡែកនៅក្នុងឆ្នាំ ២០១៦ នេះ មាននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសសរុបចំនួន ២៨ នាក់ (និស្សិតស្រីចំនួន ១៣នាក់) ដែលនឹងត្រូវចេញដំណើរទៅបន្តការសិក្សា នៅប្រទេសបារាំងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៧។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ពិធីដែលបានរៀបចំឡើងនាថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្លារវាង សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងភាគីបារាំង ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាព នៃការអប់រំក្នុងវិស័យសុខាភិបាល ដែលសរបញ្ជាក់អំពីជោគជ័យមួយ ក្នុងកសាងសមត្ថភាព និងជំនាញឯកទេសសុខាភិបាល។
តាំងនាមឱ្យក្រសួងសុខាភិបាល និង ក្នុងនាមលោករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល សាធារណៈរដ្ឋបារាំង ដែលបាននឹងកំពុងគាំទ្រដល់ការអភិវឌ្ឍ វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការអបអរសាទរ និង កោតសរសើរចំពោះនិស្សិត ជ័យលាភីអាហារូបករណ៍ទាំងអស់ដែលបាន ទទួលនូវការជ្រើសរើសឱ្យទៅបន្ត ការសិក្សានៅប្រទេសបារាំង ហើយលោករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ជ័យលាភីទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានចប់ជាស្ថាពរ និង នាំយកនូវ ចំណេះដឹង បទពិសោធន៍ថ្មីៗទាក់ទងនឹងឯកទេសរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា៕