Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកពន្ធដារ៖ រដ្ឋាភិបាលគ្មានគោលការណ៍ដំឡើងពន្ធ បង្កើតពន្ធថ្មី និងដាក់ទណ្ឌកម្មលើអាជីវកម្ម ដែលមិនទាន់ចុះបញ្ជីពន្ធនោះឡើយ

21-09-2016 17:57

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច បានបញ្ជាក់សារជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា គ្មានឡើយការដំឡើងពន្ធ និងបង្កើតពន្ធថ្មី ហើយពិសេសនោះអគ្គនាយកដ្ឋានពន្ធដារ ក៏គ្មានគម្រោងដាក់ទណ្ឌកម្មទៅលើអាជី​វកម្មដែលមិនទាន់ចុះបញ្ជីពន្ធដារនោះឡើយ មានតែជំរុញឲ្យពួកគាត់មកចុះបញ្ជីឲ្យបានគ្រប់ៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបង់ពន្ធ។

ការថ្លែងបញ្ជាក់របស់លោក គង់ វិបុល យ៉ាងដូច្នេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងទិវាស្តីពីពន្ធដារ នៃសភាពាណិជ្ជកម្ម អ៉ឹរ៉ុបនៅកម្ពុជា នាសណ្ឋាគារអ៊ីនធឺខន។

លោក គង់ វិបុល បានបញ្ជាល់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនតម្រូវឲ្យដំឡើងពន្ធនោះទេ ហើយចំពោះកំណែទម្រង់ពន្ធដារ គឺដើម្បីពង្រីកវិសាលភាព ឲ្យអស់ពីលទ្ធភាព នៃការប្រមូលពន្ធដើម្បីបង្កើនចំណូលពន្ធ បង់ចូលថវិកាជាតិ។

លោកបញ្ជាក់ថា «ទិសដៅរបស់រាជរដ្ឋាភិបាល គឺមិនដំឡើងពន្ធមិនបង្កើតពន្ធថ្មី និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ប្រមូលពន្ធក្នុងស្រុក។...ដោយឡែកចំពោះម្ចាស់អាជីវកម្ម ដែលទាន់បានទៅចុះបញ្ជីបង់ពន្ធ យើងគ្មានគម្រោងដាក់ទោសទណ្ឌនោះទេ គឺមានតែលើកទឹកចិត្ត និងជំរុញឲ្យពួកគាត់មកចុះបញ្ជីបង់ពន្ធឲ្យបានគ្រប់ៗគ្នា»៕