(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងព័ត៌មាននៃរដ្ឋសភាជាតិ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្តល់អំណោយជាប្រវត្តិសាស្ត្រដល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោក នូវផ្លូវ(ក្រាលបេតុង ឬក្រាលកៅស៊ូ) ដោយផ្តល់នូវថវិកាជាតិ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរសាធារណការ ខេត្តកំពង់ចាម។
ការថ្លែងរបស់លោក ឈាង វុន ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការជំនាញពីរគឺគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងនោះដែរ ក៏មានការចូលរួមពី មន្ដ្រីជំនាញតំណាងរាជរដ្ឋាភិបាល ដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងគណៈកម្មការជំនាញ ដទៃទៀតរបស់រដ្ឋសភា។
ក្នុងកិច្ចប្រជុំនេះ លោក ឈាង វុន បានលើកសរសើរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការ ក្នុងការប្រមូលចំណូល ជូនរដ្ឋបានល្អប្រសើរ។
ជាមួយគ្នានោះដែរ ប្រជាពលដ្ឋនៅក្នុង ស្រុកស្រីសន្ធរ ទាំងមូលសប្បាយរីករាយ និងអបអរសាទរ យ៉ាងខ្លាំងបំផុត និងសម្ដែងនូវការអរគុណ ដឹងគុណចំពោះ សម្តេចតេជោនិងបានលើកឡើងថា ផ្លូវនេះ គឺជាមធ្យោបាយដ៏មានសារសំខាន់ណាស់ ក្នុងការជំរុញជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យមានចំណូលខ្ពស់ ដោយសារតែ ផ្លូវនេះជា ផ្លូវសេដ្ឋកិច្ចគ្រួសារតភ្ជាប់ពីជនបទស្រុកស្រីសន្ធរ ទៅរាជធានីភ្នំពេញ និងទៅតំបន់នានានៅកម្ពុជា។
បន្ថែមពីនេះ ប្រជាពលរដ្ឋយល់ថា មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទេ ដែលអាចអភិវឌ្ឍ ហើយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជូនប្រជាពលរដ្ឋពិតប្រាកដ និងយល់ឃើញ ថាមានសម្តេចតេជោ គឺមានផ្លូវថ្នល់ មានទឹក មានភ្លើង មានសាលារៀន និងមានការអភិវឌ្ឍ៕