(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវេទិការកិច្ចសន្ទនាភាពជាដៃគូ ជាមួយអង្គការ សង្គមស៊ីវិលក្នុងខេត្តបង្ហាញពីសមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងខេត្ត គឺពិតជាមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការ សង្គមស៊ីវិលផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់វិស័យសេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល។
វេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោកវ៉ាន់ សោភា អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ (B) សាលាខេត្តរតនគិរី។
លោកអភិបាលរងខេត្តបានបន្តថា ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិលក៏បានចូលរួមធ្វើសកម្មភាពក្នុងវិស័យកំណែទម្រង់នានារបស់រដ្ឋ ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន។ល។ វេទិកានាថ្ងៃនេះនឹងចូលរួមចំណែកក្នុងការធ្វើឱ្យអាជ្ញាធរមូលដ្ឋានយល់ដឹងច្រើន និងផ្តល់កិច្ចសហការកាន់តែច្រើនឡើងជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។ បច្ចុបន្ននេះ អាជ្ញាធរខេត្តបានពិនិត្យមើលឃើញជាទូទៅថា ការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន មានភាពល្អប្រសើរជាធម្មតា ដោយមិនមានការរឹតត្បិតនោះឡើយដែលនេះបង្ហាញយ៉ាងច្បាស់ថាអាជ្ញាធរ ខេត្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃស្តីពី កិច្ចសហការណ៍ និងសហប្រតិបត្តិការណ៍ ជាមួយអង្គការសង្គមនស៊ីវិល។
នៅក្នុងឱកាសនេះលោក វ៉ាន់ សោភា បានអំពាវនាវដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ និងអង្គការសង្គមស៊ីវិ ត្រូវបន្តសម្របសម្រួលបង្កលក្ខណៈងាយស្រួលដល់អង្គការ សង្គមស៊ីវិលដែលបានចុះបញ្ជីរត្រឹមត្រូវ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរី និងគ្មានភាពរឹតត្បិតដែលស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
លោកបានបន្តថា អាជ្ញាធរខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពីកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ក្រោមជាតិ ជាមួយអង្គការ សង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នងដែណសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងកិច្ចសហការណ៍ និងកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការសង្គមស៊ីវិល។
សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិ ការណ៍អន្តរជាតិ ត្រូវបន្តអនុវត្តន៍សកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិនៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លើសពីនេះសូមចៀសវាងជាដាច់ខាតននូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រការលាងសម្អាត ប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធប្រល័យលោក ដើម្បីជៀសផុតពីការធ្វើឱ្យកម្ពុជា ធ្លាក់ចូលក្នុងបញ្ជីប្រផេះ និងទទួលបច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម៕