(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
រដ្ឋសភា បានអះអាងថា គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ នៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការនេះ យើងបានសហការ គ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាព សាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន។
លើសពីនេះទៅទៀត ការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ បាន ជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងការតភ្ជាប់ ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យ ទេសចរណ៍ តាមចក្ខុវិស័យ «ប្រទេសបីគោលដៅទេសចរណ៍តែមួយ» ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេស។ ទាំងនេះជាភស្តុតាងយ៉ាងប្រត្យក្សបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាប្រភពនៃសន្តិភាព និងវិបុលភាព សម្រាប់ប្រទេសទាំងបី ជាពិសេសខេត្តជាប់ព្រំដែន។
រដ្ឋសភាកម្ពុជា សូមប្រកាសថ្កោលទោស ព្រមទាំងប្រឆាំងដាច់អហង្ការ ចំពោះ ការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និង សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ប្រទេសទាំងបី និងតំបន់ទាំងមូល៕