(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះបុគ្គលដែលបានអុជអាល និងបំភ្លៃការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ខណៈបច្ចុប្បន្ននេះ មនុស្ស៣នាក់ហើយដែលបានចាប់ខ្លួនបន្ទាប់ពីនិយាយបំភ្លៃករណីនេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចបានសង្កត់ធ្ងន់ថា ការនិយាយអុជអាលបំភ្លៃការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដែលមិនអាចទទួលបានយកបាន និងមិនអាចលើកលែងទោសឱ្យបានទេ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «តើមានកិច្ចព្រមព្រៀងមួយណាដែលទាក់ទងនឹងការដោះដូរអធិបតេយ្យភាព ហើយបើសិនជាមានការដោះអធិបតេយ្យភាព តើចាំបាច់ប្រទេសទាំង៣នេះ បោះព្រំដែនជាមួយគ្នាធ្វើអី ការចោទប្រកាន់នេះជាការប្រមាថមិនអាចលើកលែងទោសឱ្យបានទេ ហើយខ្ញុំព្រះករុណា ស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់អតិបរមា ហើយសុំឱ្យក្រសួងយុត្តិធម៌ និងពន្ធធនាគារសុំកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជី ដែលមិនត្រូវបានទទួលការបន្ធូបន្ថយទោសឬលើកលែងទោស គឺឱ្យជាប់គុករហូតដល់ឱ្យផុតកំណត់ ព្រោះនេះគឺជាការសន្សំរឿងជាការប្រមាថដ៏ធ្ងន់ធ្ងរ សូម្បីតែម្សិលមិញដែលខ្ញុំព្រះករុណា ខ្ញុំបង្ហោះ ឈ្មោះ ហៃ វណ្ណា នៅឯជប៉ុន បានចូលមកនិយាយពីរឿងកាត់ដី៤ខេត្តឱ្យគេ បានខ្ញុំករុណាខ្ចិលតមាត់ ប្លុកវាក្រវាត់ចោល ប៉ុន្តែអ្នកឯងមិនត្រូវភ័ន្តច្រលំទេ អ្នកឯងក៏មានក្រុមគ្រួសារនៅស្រុកខ្មែរដែរ សូមអ្នកឯងត្រូវចងចាំ ហើយអ្នកនៅស្រុកខ្មែរ សូមកុំប្រហើន បើបានស្តាប់សារនេះហើយ សូមបញ្ឈប់ទៅ»។
សម្តេចបានប្រកាសថា ចំពោះមនុស្ស៣នាក់ដែលចាប់ខ្លួននោះ គឺអ្នកនៅខេត្តសៀម ដោយម្នាក់ចាប់ខ្លួនកាលពីថ្ងៃមុន និង២ទៀត ចាប់ខ្លួននៅថ្ងៃនេះ ត្រូវបានបញ្ជូនមកភ្នំពេញដើម្បីមកតតាំងគ្នានៅក្នុងតុលាការ។
សម្តេចបានពន្យល់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម គឺមិនបានទាក់ទិនជាមួយនឹងការបញ្ចូល ដែនដីជាមួយគ្នានោះទេ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដែលគិតគូរពីបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិ ហើយភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីនិងការអភិវឌ្ឍន៍ក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។
ជាមួយគ្នា សម្តេចតេជោ ក៏ចង់ឱ្យប្រជាពលរដ្ឋ និងនិស្សិត ទៅស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យយល់ដឹងឱ្យច្បាស់ថាអ្វីទៅជាកិច្ចព្រមព្រៀង ហើយមានផលប្រយោជន៍អ្វីខ្លះ។
សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានរៀបចំកិច្ចប្រជុំកំពូលដំបូងនៅឆ្នាំ១៩៩៩ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។ កិច្ចសហប្រតិបត្តិការនេះ មាន១៣ខេត្ត ក្នុងនោះកម្ពុជាមាន៤ខេត្ត គឺស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ, ចំណែកឡាវមាន៤ខេត្ត វៀតណាមមាន៥ខេត្ត៕