(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអះអាងច្បាស់ៗថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាង កម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែនទាំងនោះ ហើយមិនមានការកាត់ខេត្តចំនួន៤របស់កម្ពុជា ឲ្យទៅប្រទេសវៀតណាមនោះទេ។
តាមរយៈការថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ក្រោយមានការប្រឌិតព័ត៌មានរឿងកម្ពុជា កាត់ដីខេត្តចំនួន៤ ឲ្យទៅប្រទេសវៀតណាមនោះ, សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចផ្ទាល់តែម្ដង កាលពីឆ្នាំ១៩៩៩ ហើយសម្ដេចជាអ្នកស្នើសុំការគាំទ្រដោយផ្ទាល់ពីថ្នាក់ដឹកនាំប្រទេសឡាវ និងវៀតណាម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺខ្លួនខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិត ហើយនៅក្នុងពេលទស្សនកិច្ចនៅឡាវ ខ្ញុំបានស្នើភាគីឡាវដើម្បីគាំទ្រ។ បន្ទាប់ទៅខ្ញុំក៏ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ខ្ញុំក៏បានស្នើចំពោះនាយករដ្ឋមន្ដ្រីវៀតណាម ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមនេះ [...] យើងចាំបាច់ត្រូវរកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ យើងមើលឃើញពីភាពចាំបាច់នៅក្នុងតំបន់នោះ ដោយផ្អែកលើកត្តាសំខាន់ៗ៤យ៉ាង មានទាំងការតភ្ជាប់ខាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគ្គិសនី ការផ្លាស់ប្ដូរទំនិញ ទេសចរណ៍»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន មូលហេតុដែលសម្ដេចផ្ដួចផ្ដើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដោយសារសម្ដេចមើលឃើញថា តំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ ពោលកាលពីអំឡុងនៅចុងសតវត្សរ៍ទី២០ ឆ្លងចូល២១ ខេត្តមណ្ឌលគិរី រតនគិរីរបស់កម្ពុជាមិនមានផ្លូវទៅដល់នោះទេ គឺត្រូវស្នើសុំវៀតណាមឆ្លងចូល។
ដោយឡែក ចំពោះការប្រើប្រាស់ថាមពលអគ្គិសនីវិញ សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ត្រូវប្រើប្រាស់ភ្លើងដែលមានប្រភពមកពីប្រទេសវៀតណាម ខណៈខេត្តស្ទឹងត្រែង ត្រូវប្រើប្រាស់ប្រភពមកពីប្រទេសឡាវ។ សម្ដេចបន្ដថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យខេត្តភាគឦសានរបស់កម្ពុជា ត្រូវបានតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដែលត្រូវការសំខាន់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ អគ្គិសនី ទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍ជាច្រើន បើធៀបជាមួយវៀតណាម និងឡាវ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ការដឹកជញ្ជូនទំនិញទៅកាន់សមុទ្រខាងទឹកដីវៀតណាម។ ក្រៅពីតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធហើយនោះ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានជួយដល់កិច្ចសន្តិសុខជាតិ រួមមានទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធឈើ និងទប់ស្កាត់ចលនាប្រដាប់អាវុធផងដែរ ពោលគឺទប់ស្កាត់ជម្រករបស់ក្រុមជនខិលខូចដល់ប្រទេស CLV ផងដែរ។
បន្ថែមពីនេះ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ បានផ្តល់កិច្ចសហការផ្នែកអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសុខាភិបាល ព្រោះកាលពីពេលមុនពលរដ្ឋកម្ពុជាក្នុងខេត្តទាំង៤ បានទទួលសេវាសុខាភិបាលជាច្រើនពីខាងឡាវ និងវៀតណាម ហើយកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានជួយដល់ការគ្រប់គ្រងគ្រោះមហន្តរាយតាមព្រំដែន ជាពិសេសទឹកជំនន់ និងភ្លើងឆេះព្រៃ។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន ចេញមុខបកស្រាយលើរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ ព្រោះសម្តេចជ្រូតជ្រាបរឿងនេះច្បាស់ ហើយសម្តេចផ្ទាល់ជាអ្នកផ្តួចផ្តើមបង្កើតនូវ កិច្ចសហប្រតិបត្តិការនេះតាំងពីរឆ្នាំ១៩៩៩។ អ្នកដែលនិយាយថា គំនិតបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ផ្តើមដោយវៀតណាមតាំងពីឆ្នាំ១៩៩៥ ជាការលើកឡើងដោយគ្មានភស្តុតាង និងគ្មានការអៀនខ្មាស់៕