(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសមិនអត់ឱនឱ្យ ជនទាំងឡាយ ដែលផ្សព្វផ្សាយបំភ្លៃអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ-CLV នោះឡើយ ខណៈដែលសម្តេចជាអ្នកផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះតាំងពីឆ្នាំ១៩៩៩ មិនមែនវៀតណាមទាល់តែសោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ទាក់ទិនទៅនឹងតំបន់អភិវឌ្ឍត្រីកោណ ហើយដែលរឿងនេះក្នុងប៉ុន្មានថ្ងៃនេះ មានការមួលបង្កាច់ ដែលមិនអាចអត់ឱនឱ្យបានទេ សម្រាប់ជនទាំងឡាយណា ដែលបានមួលបង្កាច់សភាពការណ៍នេះ រហូតដល់ចោទមេដឹកនាំកម្ពុជាជាពិសេសខ្លួនខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិទាក់ទិននឹងការកាត់ដី៤ខេត្ត ទៅឱ្យវៀតណាម»។
ការបំភ្លឺរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន បានផ្សព្វផ្សាយបំភ្លៃការពិតក្នុងន័យថា កម្ពុជាបានកាត់ខេត្តចំនួន៤រួមបញ្ចូលជាដែនដីជាមួយវៀតណាម។
សម្តេចបានចាត់ទុកថាការបំភ្លៃរបស់ក្រុមប្រឆាំង ដែលមានសេណារីយ៉ូពីក្រៅប្រទេសអំពីសភាពការណ៍នេះ នឹងជំរុញឱ្យសមាជិករបស់ខ្លួន ដែលអនុវត្តផែនការបំភ្លៃនេះប្រឈមចំពោះមុខច្បាប់ ខណៈមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយ។
សម្តេចបានលើកឡើងទៀតថា៖ «អ្នកក៏ត្រូវតែដឹងថា ការញុះញង់និងការបំភ្លៃរបស់អ្នកបានធ្វើឱ្យអ្នកខាងក្នុងជាប់គុក ហើយប្រសិនបើរឿងនេះកើតឡើង មានទៅដល់ការជាប់គុកជាប់ច្រវាក់ សូមកុំបន្ធូរបន្ថយឱ្យសោះ ព្រោះទង្វើដែលគេបានធ្វើ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វាធ្ងន់ធ្ងរហួសកម្រិត»។
ក្រៅពីបំភ្លឺចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំង សម្តេចក៏បានឆ្លើយតបចំពោះ ការលើកឡើងរបស់ លោក សុខ សុគន្ធ ហៅ ជេម សុខ ផងដែរ។ លោក ជេម សុខ បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ ជាគំនិតផ្តួចផ្តើមរបស់វៀតណាម នៅឆ្នាំ១៩៩៥។
សម្តេចដែលជាអ្នកផ្តួចផ្តើមផ្ទាល់ ហើយថែមទាំងបានចូលរួមកិច្ចប្រជុំថ្នាក់កំពូល CLV ចំនួន១១លើក តាំងពីឆ្នាំ១៩៩៩ រហូតមក ចាត់ទុកថា លោក ជែម សុខ និយាយដោយគ្មានភស្តុតាង ព្រមទាំងបានបបួលលោកជេម សុខ ស្បថផងដែរ។
សម្តេចបានបញ្ជាក់ថា៖«មានអ្នកខ្លះនិយាយថា វាជាការផ្តួចផ្តើមរបស់វៀតណាម តាំងពីឆ្នាំ១៩៩៩ ជាការនិយាយគ្មានភស្តុតាង ជាការនិយាយដោយគ្មានការអៀនខ្មាស់ ប្រសិនបើអ្នកគ្រាន់បើ អ្នកអាចធ្វើសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ស្បថទេ ជាពិសេសខ្ញុំចង់និយាយទៅដល់ ជេម សុខ តែម្តង»។
សម្តេចបន្តទៀតថា ប្រសិនបើ ជេម សុខ ហ៊ានស្បថ ឱ្យស្លាប់ត្រឹមតែឆ្កែមួយ នោះក៏ចាត់ទុកថា លោកជាអ្នកក្លាហាន ប៉ុន្តែបើមិនហ៊ាន លោកនឹងចុះចាញ់ដោយឯងៗ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណនេះ សម្តេចតេជោ ជាអ្នកផ្តួចផ្តើមគំនិត ហើយអំឡុងទស្សនកិច្ចនៅប្រទេសឡាវ សម្តេចក៏បានស្នើដល់នាយករដ្ឋមន្រ្តីឡាវដើម្បីគាំទ្រ ហើយក្រោយមកពេលទៅចូលរួមប្រជុំជាមួយវៀតណាម សម្តេចក៏ស្នើទៅកាន់ នាយករដ្ឋមន្រ្តីវៀតណាម ដើម្បីគាំទ្រថែមទៀត។
បើតាមសម្តេចតេជោ រហូតដល់ពេលនេះ អ្នកដែលចូលរួមបង្កើតដំបូងនូវយន្តការតំបន់អភិវឌ្ឍត្រីកោណកម្ពុជាឡាវវៀតណាមនេះ នៅសល់តែសម្តេចមួយប៉ុណ្ណោះដែលនៅរស់រានមានជីវិត៕