(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង កសិកម្មសហរដ្ឋអាមេរិក (USDA) និងសម្ព័ន្ធនាំចេញអាហារ និងកសិកម្ម (Food and Agriculture Export Alliance (FAEA)) បានរៀបចំសិក្ខាសាលារួមគ្នាមួយ ដើម្បីជំរុញការអនុវត្តប្រព័ន្ធត្រួតពិនិត្យ ម្ហូបអាហាររបស់កម្ពុជា ឱ្យមានភាពកាន់តែរឹងមាំ ប្រទាក់ក្រឡាគ្នានិងមានប្រសិទ្ធភាព ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ ។

សិក្ខាសាលាថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមជាអធិបតីពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោក Andrew Herrup ភារៈធារី នៃស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញបច្ចេកទេស ពីក្រសួងស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ សមាគមអ្នកផលិតក្នុងស្រុក និងតំណាងស្ថាប័នអន្តរជាតិ សរុបមានចំនួន២២ស្ថាប័ន និងមានអ្នកចូលរួមសរុបជាង៩០នាក់ ។

គោលបំណង នៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិនេះ គឺដើម្បីរួមគ្នារៀបចំឱ្យមានជាផែនទីបង្ហាញផ្លូវ ស្ដីពីសុវត្ថិភាពម្ហូបអាហារជាតិ (National Food safety Road Map) សម្រាប់ធានាការអនុវត្តច្បាប់ សុវត្ថិភាពម្ហូបអាហារ ឱ្យមានប្រសិទ្ធភាព មានដូចជាការពង្រឹង ប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ ការដោះស្រាយ និងឆ្លើយតប ទៅនឹងស្ថានភាពបន្ទាន់ ការចែករំលែកព័ត៌មានផ្នែកតាមភស្តុតាងវិទ្យាសាស្ត្រនិងហានិភ័យការពង្រឹងយន្តការទំនាក់ទំនង ហានិភ័យរវាងភាគីពាក់ព័ន្ធ និងការជំរុញសុវត្ថិភាពជាផ្នែកសំខាន់ នៃពាណិជ្ជកម្មក្នុងប្រទេសតំបន់និងអន្តរជាតិ។

វិស័យកសិម្ហូបអាហារ របស់កម្ពុជា ផ្តល់អត្ថប្រយោជន៍សំខាន់ៗ មិនត្រឹមតែសម្រាប់ពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនទាំងអស់ នៅទូទាំងពិភពលោកផងដែរ ។

ក្នុងបរិបទនេះ កម្ពុជាមានកាតព្វកិច្ចទទួលខុសត្រូវ ដើម្បីរៀបចំគោលនយោបាយ និងកម្មវិធីសម្រាប់ធានា ដល់ដំណើរការអនុវត្ត និងគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រកបដោយ ប្រសិទ្ធភាព កិច្ចសហការ បរិយាបន្ន និងមានតម្លាភាព ដើម្បីឈានទៅពង្រីកសមត្ថភាពឧស្សាហកម្ម និងពាណិជ្ជកម្មម្ហូបអាហាររបស់ខ្លួនឱ្យកាន់តែមានសក្ដានុពលទៅកាន់ទីផ្សារអន្តរជាតិ សំដៅរួមចំណែក លើកស្ទួយខឿន សេដ្ឋកិច្ចជាតិ និងការពារសុខភាពប្រជាពលរដ្ឋ។

សិក្ខាសាលានេះ នឹងរៀបចំឱ្យមាន កិច្ចពិភាក្សាគ្នា ដោយក្រុមអ្នកជំនាញនិងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងសុវត្ថិភាព ម្ហូបអាហារ ដោយចែកចេញជា៦ ប្រធានបទពិភាក្សា ដែលក្នុងនោះរួមមាន ១)ទិន្នន័យសម្រាប់ការតាក់តែង បទប្បញ្ញត្តិផ្អែកលើហានិភ័យ ២)ការត្រួតពិនិត្យ ម្ហូបអាហារនិង ភូតគាមអនាម័យ ៣)ការចុះបញ្ជីអាហារ និងកន្លែងដែលមានហានិភ័យខ្ពស់ ៤)ការដាក់ស្លាកសញ្ញា និងប្រព័ន្ធអង្កេត ដានម្ហូបអាហារ ៥)កិច្ចការស្រាវជ្រាវ និង ៦)ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីវិស័យឧស្សាហកម្មអាហារ។

តាមរយៈកិច្ចពិភាក្សាទាំងនេះ នឹងលើកឡើងអំពីសារៈសំខាន់នៃតម្រូវការធនធាន សម្រាប់ធានាដល់ការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិដ៏រឹងមាំ និងមានប្រសិទ្ធភាពស្រប តាមការប្តេជ្ញាចិត្ត របស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគឺផ្តោតលើការ ពង្រឹងប្រព័ន្ធស្បៀង និងការផ្ដល់ អាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ និងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនគ្រប់រូប ៕