(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានអញ្ជើញវាគ្មិនដែលជាដៃគូសហការណ៍ស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវដែលបានធ្វើកន្លងមក ជូនមន្រ្តីបុគ្គលិក និងសាធារណជនស្តាប់ និងទស្សនា ក្រោមប្រធានបទ «របត់សង្គមសម័យកណ្ដាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ អញ្ជើញចូលរួមបើកធ្វើបាឋកថានោះ ព្រមទាំងមានមន្ត្រី បុគលិកអាជ្ញាធរជាតិអប្សរា ព្រមទាំងសាធារណជនបានអញ្ជើញចូលរួមផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏បានផ្សាយបន្តផ្ទាល់តាមហ្វេកបុកផេករបស់ខ្លួន ដើម្បីឲ្យមជ្ឃដ្ឋានអ្នកស្រវជ្រាវ និងសាធារណជនដទៃទៀត ដែលពុំមានពេលមកចូលរួមផ្ទាល់បាន។
វាគ្មិនជំនាញ លោក ហេង ពិភាល់ អ្នកស្រាវជ្រាវនៃបុរាណវិទ្យា Cotsen (សាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅឡូសអិនជីលេស UCLA) និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក ខ្លឹមសារសំខាន់ៗក្នុងបាឋកថានោះ រួមមាន៖
- ការស្រាវជ្រាវបុរាណវិទ្យាថ្មីៗអំពីរបត់សង្គម និងការប្រែប្រួលនៃអារ្យធម៌អង្គរ
- តួនាទីរបស់បុរាណវិទ្យាប្រវត្តិសាស្ត្រ (Historical Arhaeology) ក្នុងការបំពេញ និងពង្រីកចំណេះដឹងប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រស្រាវជ្រាវចម្រុះ
- ការផ្លាស់ប្តូរនៅចុងសម័យអង្គរ
- វិស័យសេដ្ឋកិច្ចនៅសម័យក្រោយអង្គរ
- ការផ្លាស់ប្តូរសាសនា
- បេតិកភណ្ឌ និងការចងចាំ។
បាឋកថាខាងលើបានបញ្ចប់ដោយជោគជ័យ ដោយសិក្ខាម និងសាធារណជនបានយកចិត្តទុកដាក់ ស្តាប់ និងមានសំណួរជជែកយ៉ាងផុសផុលជាមួយវាគ្មិនជំនាញ៕