(សៀមរាប)៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាក្រុងរុនតាឯកតេជោសែន បានរៀបចំពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង អធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន និងលោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន។
ក្នុងនោះក៏មានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងអង្គភាពដែលពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានក្រើនរំលឹកកងកម្លាំងទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ លើការបម្រើប្រជាពលរដ្ឋ ពិសេសលើសេវាសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលគ្រប់រូបត្រូវតែប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ ខិតខំសិក្សារៀនសូត្របង្កើនចំណេះវិជ្ជាថ្មីៗ បន្ថែមទៀត ទាក់ទងការងារជំនាញរបស់ខ្លួន ដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ត្រូវមានកិច្ចសហប្រតិបត្តការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ និងយកចិត្តទុកដាក់គោរពអនុវត្ត ធ្វើជាសេនាធិការឲ្យប្រធានគណៈបញ្ជាការឯកភាពក្រុង ត្រូវអនុវត្តឲ្យបាននូវគោលននយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញសម្រាប់បម្រើផលប្រយោជន៍ និងក្ដីសុខប្រជាពលរដ្ឋ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់អង្គពិធីទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕