(ត្បូងឃ្ម)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំ និងបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមេមត់ និងកងកម្លាំងទាំង៣ប្រភេទ ត្រូវចាត់វិធានការឱ្យខានតែបានលើក្មេងទំនើង បង្កអនាធិបតេយ្យ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហាមដាច់មិនអោយមានអ្នកអន្តរាគមន៍ឡើយ។
មានប្រសាសន៍បែបនេះ ក្នុងឱកាសលោក ប៉ែន កុសល្យ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាស្រុកមេមត់។
ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ ចំពោះបញ្ហាក្មេងទំនើង និងគ្រឿងញៀន ជាពិសេសសារធាតុញៀនប្រភេទថ្មី ដែលផលិតពីរុក្ខជាតិម្យ៉ាងឈ្មោះថា ខាត (KHAT) ដែលក្រសួងសុខាភិបាលអះអាងថា ជារុក្ខជាតិ មានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ដែលរាជរដ្ឋាភិបាល យើងហាមឃាត់ក្នុងការដាំនាំចេញ-នាំចូល និងប្រើប្រាស់ប្រសិនបើក្នុងភូមិ ឃុំ ស្រុករបស់យើង ពិនិត្យឃើញថាមានការដាំចែកចាយ និងប្រើប្រាស់ ត្រូវធ្វើការចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងឡើយ។
លោក ប៉ែន កុសល្យ បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្រុកមេមត់ទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីភាពរីកចម្រើនរបស់រដ្ឋបាលស្រុកមេមត់ទាំងមូល។ ពិសេសក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ពីថ្នាក់ខេត្ត ដល់ភូមិ បន្តខិតខំជំរុញការអភិវឌ្ឍ ក្នុងមូលដ្ឋានឱ្យល្អប្រសើរ ការពារឱ្យមានសុខដុមរមនា ផ្លូវកាយ និងផ្លូវចិត្ត តម្កល់ទុកនូវផលប្រយោជន៍ប្រជាជនជាធំ៕