(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផលស្រាវជ្រាវការរកឃើញចម្ការមីនថ្មី ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងអនុវត្តការសិក្សាស្រាវជ្រាវដោយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលការសិក្សានេះគឺអនុវត្តន៍ស្របតាមលិខិតលេខ ៣៥១ សជណ.មយ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់(CMAC) តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោក និងតំណាងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។
ក្នុងកិច្ចពិភាក្សានោះ លោកបណ្ឌិត លី ធុជ បានកោតសរសើរដល់អង្គភាពស៊ីម៉ាក់ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមនូវចម្ការមីន និងចម្ការគ្រាប់ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងខេត្តកំពង់ធំ ដែលសម្រេចបានគួរឱ្យកត់សម្គាល់។
ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលទិន្នន័យចម្ការមីន និងចម្ការគ្រាប់បឋម ដែលាបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យឡើងវិញលើផែនទី ចម្ការមីនបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវឈរលើគោលការណ៍បច្ចេកទេសស្របតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ទៃដីជាច្រើនត្រូវបានប្រជាពលរដ្ឋឈួសឆាយ ឬបានដាំដុំរួចមកហើយ ដើម្បីចៀសវាងការកើនឡើងផ្ទៃដីដែលត្រូវរៀបចំផែនការបោសសម្អាតជាបន្ត៕