(ភ្នំពេញ)៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យសម្ភារៈ និងកងកម្លាំងត្រៀមបម្រុងសម្រាប់ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅតាមបណ្តាប្រទេសមានសង្គ្រាម តាមការស្នើសុំរបស់ UN។
ពិធីនេះបានធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង UN ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា សម្រាប់កងកម្លាំងដែលកម្ពុជា បានត្រៀមបម្រុងមានចំនួន ៤កង រួមមាន៖ កងកម្លាំងរាជអាវុធហត្ថ, កងកម្លាំងវិស្វកម្ម ស្ពានលើគោក ស្ពានបណ្តែតទឹក និងកងបោសសម្អាតគ្រាប់មីន EOD។ ឆ្លៀតក្នុងឱកាសនោះដែរ លោក Atul Khare ក៏បានបន្តចុះពិនិត្យសម្ភារៈ មធ្យោយបានគ្រឿងចក្រ សម្រាប់គម្រោងហ្វឹកហ្វឺនត្រីភាគី កម្ពុជា-កូរ៉េ-អសប ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ផ្តល់ជូនកម្ពុជា។
លោក Atul Khare ក៏បានអញ្ជើញការហ្វឹកហាត់ និងសម្តែងរបស់កងកម្លាំងសុខនហិតមីន និងបន្តចុះត្រួតពិនិត្យចម្ការមីន តាមលក្ខណៈបច្ចេកទេសរបស់អង្គការសហប្រជាជាតិ ព្រមទាំងបន្តអញ្ជើញចុចកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះផងដែរ។
នាឱកាសនោះដែរ លោក Atul Khare បានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដើម្បីស្វែងយល់អំពីបច្ចុប្បន្នភាព និងការត្រៀមប្រុងប្រៀបរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សម្រាប់គម្រោងហ្វឹកហ្វឺនត្រីភាគី កម្ពុជា-កូរ៉េ-អសប ក៏ដូចជាការងារផ្សេងៗសម្រាប់កិច្ចការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាដើម។
អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ក៏បានកោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពជោគជ័យរបស់កម្ពុជា ដែលបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលវត្តមានអង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកម្លាំងចូលរួមយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយបានចែករំលែកនូវជំនាញវិជ្ជាជីវៈនៅក្នុងការអនុវត្ត ជាពិសេសក្នុងភារកិច្ចបោសសម្អាតមីន និងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ ការចូលរួមរបស់កងកម្លាំងមួកខៀវកម្ពុជានៅតំបន់ខ្លះ គឺមិនងាយស្រួលនោះទេ ហើយតំបន់ខ្លះក៏ប្រឈមនឹងការលំបាកផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា ក្នុងឆ្នាំ២០០៦ កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខ ដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩,៥៧៩នាក់ ក្នុងនោះនារី ៨១៨នាក់ ទៅកាន់ប្រទេសចំនួន១០ និង ១២បេសកកម្ម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្ន កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ ទន្ទឹមនោះ អាត្រាក្នុងការបញ្ជូនកងកម្លាំងជានារីរបស់កម្ពុជាទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២ភាគរយ ដោយនាយឧត្តមសេនីយ៍ ក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ៕