(កំពង់ចាម)៖ ជាថ្មីម្តងទៀត! អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលរស់នៅខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន ៩០៧នាក់ ក្នុងនោះស្រី៤៣៥ នាក់ ចុះមកពិនិត្យ និងព្យាបាល ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋរស់នៅលើទឹកដី វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
កម្មវិធីនេះធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏មានការចូលរួមសហការពី មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម យុវជនកាកបាទក្រហមកម្ពុជា សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរ ឃុំ ស្រុក ខេត្តដែលពាក់ព័ន្ធជាមួយក្រុមការងារ។ ទន្ទឹមនឹងនេះក៏មានការចូលរួមពី លោក លោកស្រី វេជ្ជបណ្ឌិត ដែលជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម បានចំនួន១៣,០២៣នាក់ ស្រីចំនួន ៨,៩២៨នាក់ និងមានរទេះជនពិការ ចំនួន ៨គ្រឿង ជូនដល់ជនពិការ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដែលនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រី ចម និម្មល និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងគោរពថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានបានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តកំពង់ចាម ក្នុងការពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ នំប៉័ង ព្រមទាំងចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។
នាឱកាសនេះដែរ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ គូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។
គួរបញ្ជាក់ផងដែរថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។
លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២១ កក្កដា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា)»។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២០២៣ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,២៥០,៣២៣នាក់ (ដប់បីលាន ម្ភៃប្រាំម៉ឺន បីរយ ម្ភៃបី នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៨៨,១១១នាក់ (ប្រាំមួយលាន ចិតសិបប្រាំបីម៉ឺន ប្រាំបីពាន់ មួយរយដប់មួយ នាក់) គិតត្រឹម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦២,៥១៦,១៥០ដុល្លារ (ប្រាំមួយរយហុកសិបពីរលាន ហាសិបមួយម៉ឺន ប្រាំមួយពាន់ មួយរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។
សូមរម្លឹកថា រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១០,៣៦៨ដូស (ដប់មួយលានកៅសិបមួយម៉ឺនបីរយហុកសិបប្រាំបីដូស) ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
ជាចុងក្រោយ លោក លេង ផាលី បានបញ្ជាក់បន្ថែមថា «សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ! យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ យើងខ្ញុំទាំងអស់គ្នាសូមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង ព្រែកជីហ្វូណនតេជោ ដែលនឹងបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាំឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជា ជាទីមោទនភាពជាតិមាតុភូមិនិងជាសច្ចៈធម៌ប្រវត្តិសាស្ត្រ»៕