(ភ្នំពេញ)៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៤នេះ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានរៀបចំពិធីបេីកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញ​ ព្រហ្មទណ្ឌ​ សន្តិសុខ​ អន្តោប្រវេសន៍​ ចរាចរណ៍​ និងសណ្ដាប់ធ្នាប់​ លើលំហាត់របៀប​ បច្ចេកទេសការវាយខ្នោះ ដល់កងកម្លាំង។

ពិធីនោះបានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកឧត្តមសេនីយ៍ទោ​ ហេង​ រតនា​ ស្នងការរងទទួលការដឹកនាំការងារ នៅអធិការដ្ឋាននគរបាលខណ្ឌបូល​ តំណាងលោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ និងមានការចូលរួមដោយលោកវរសេនីយ៍ឯក ហុងពិសិដ្ឋ អធិការនគបាលខណ្ឌកំបូល លោក លោកស្រីជាអធិការរង នាយ នាយផ្នែក នាយ នាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីនគរបាល ដែលជាសិក្ខាកាមសរុប១៥០នាក់។

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ ក៏បានលើកឡើងពីរបាយការណ៍ប្រចាំខែ ដែលអធិការដ្ឋាននគរបាលខណ្ឌកំបូល បានអនុវត្តក្នុងពេលកន្លងមក ហើយលោកក៏បានប្រាប់អំពីគន្លឹះសំខាន់ៗជាច្រើន ដល់សិក្ខាកាមទាំងអស់ ដើម្បីយកទៅអនុវត្តការងារឲ្យបានជោគជ័យ។

បន្ទាប់មកលោអធិការបានបង្កើតនូវសំនួរ និងចម្លើយ ដើម្បីជាការជំនួយស្មារតីដល់សិក្ខាកាម ក៏ដូចជាលោកអធិការរង លោក នាយ នាយរងប៉ុស្តិ៍ នាយ នាយរងផ្នែកនីមួយៗ ឲ្យបានយល់ដឹងពីតួនាទីរបស់ខ្លួន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌកំបូលទាំងមូលឲ្យបានចំទិសដៅ និងប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងសុភវិនិច្ឆ័យ។

លោកអធិការបានលើកយកនៅឧទាហរណ៍មួយចំនួនមកបង្ហាញ រួមមាន ករណីគ្រោះថ្នាក់ចរាចរណ៍, អាត្រាកំណើនយានយន្តសព្វថ្ងៃ តើវេលាម៉ោងប៉ុន្មានខ្លះដែលស្ទះ និងកន្លែងណាខ្លះទៀតដែលងាយ និងស្ទះចរាចរណ៍?, ចំពោះការបម្រើសេវាកម្មសារធារណៈជូនប្រជាពលរដ្ឋ។ នៅមានចំណុចសំខាន់ៗ ពិសេសជាច្រើនទៀតដែលលោក ហុង ពិសិដ្ឋ អធិការខណ្ឌកំបូល បានពន្យល់ណែនាំក្នុងអង្គពិធីដើម្បីឲ្យបានស្វែងយល់ពីសារៈសំខាន់ និងជាប្រយោជន៍សម្រាប់យកទៅអនុវត្តបន្ត។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាចំនួន២លានរៀល ដើម្បីទិញអាហារសម្រន់ផងដែរ៕