(ភ្នំពេញ)៖ លោក Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់។
្ក្នក្នុងជំនួបជាមួយ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក Atul Khare ក៏បានសម្តែងនូវការស្ញប់ស្ញែងចំពោះកម្ពុជា ដែលឈរលើលេខរៀងទី២៧ ក្នុងចំណោមប្រទេសទាំង១២១ ដែលបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប ក្នុងនោះមានកងកម្លាំងនារីរហូតដល់ទៅ ២០%។
អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរំលឹកពីការរួមចំណែករបស់លោក កាលនៅក្នុងតំណែងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប អស់រយៈពេលជិត២០ឆ្នាំកន្លងទៅនេះ។ លោកបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមវិភាគទានដល់បេសកកម្មរក្សាសន្តិភាព ទោះបីជួបការប្រឈមនិងការបាត់បង់ជីវិតមួយចំនួនរបស់កងទ័ពមួកខៀវយើងក្នុងបេសកកម្មនោះយ៉ាងណាក៏ដោយ។
លោកអនុប្រធានទី១ និង លោកអគ្គលេខាធិការរង អ.ស.ប បានវាយតម្លៃខ្ពស់ពី សារសំខាន់មិនអាចកាត់ថ្លៃនៃនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជា សម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ នេះ។ កម្ពុជាជាប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប នៅឆ្នាំ១៩៩១ បានក្លាយទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ដែលនេះសរបញ្ជាក់ឱ្យ ឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជាដើម្បីចូលរួមចំណែកក្នុងការការពារសុខសន្តិភាពនិងស្ថេរភាពសកល។
លោក Atul Khare បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីភាពជាដៃគូត្រីភាគី (Triangular Partnership Program - TPP) និងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
មុននឹងបញ្ចប់ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានលើកកោតសរសើរពី កិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល និងការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ជាពិសេសក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងក្របខ័ណ្ឌកម្មវិធី អភិវឌ្ឍសង្គម- សេដ្ឋកិច្ចផ្សេងៗទៀតផងដែរ។ ជាពិសេស លោក ប្រាក់ សុខុន ថ្លែងអំណរ គុណចំពោះ លោក អគ្គលេខាធិការរង អ.ស.ប ដែលមកបំពេញទស្សនកិច្ចជាលើកទី១នៅកម្ពុជា ហើយដែលជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរួមចំណែកដល់សន្តិភាព និងស្ថេរភាពពិភពលោក៕