(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union - ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា ជាមួយ ITU ព្រមទាំងបណ្តាប្រទេសសមាជិកផ្សេងៗទៀត។ ជំនួបនេះ បានរៀបចំធ្វើឡើង នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Centre - CTC) នៅខេត្តតាកែវ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីឈ្វេងយល់ពីការងារអាទិភាពក្នុងការអភិវឌ្ឍវិស័យនានារបស់ក្រសួងផងដែរ។
លោកបណ្ឌិត Cosmas Zavazava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ITU និងកោតសរសើរចំពោះសមទ្ធិផលដែលក្រសួងសម្រេចបាន ជាពិសេសគឺគំនិតផ្តួចផ្តើមឱ្យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh៕