(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយ តំណាងនិយោជករោងចក្រចំនួន៣ ទីតាំងក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ TOPSUMMIT GARMENT INC. ដឹកនាំដោយ លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រោងចក្រ ECLAT TEXTILE (CAMBODIA) CO.,LTD. ដឹកនាំដោយលោក កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការ និងរោងចក្រ YAKJIN (Cambodia)INC ដឹកនាំដោយលោក អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ។
នៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតជាង ៦,១០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ TOPSUMMIT GARMENT INC ដែលស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូលផ្ទាល់ លោក ប្រាក់ ចាន់ធឿន បានជួបពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រ និងបានសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតតាមផ្នែកនីមួយៗនៅក្នុងរោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងដំណើរការនៃការប្រព្រឹត្តទៅនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអាគាររោងចក្រ។
ក្រោយការជួបសំណេះសំណាលសាកសួរផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតរួច លោក ប្រាក់ ចាន់ធឿន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់ រោងចក្រ TOPSUMMIT GARMENT INC ដែលមិនត្រឹមតែគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីអ្វីដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល បានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ បងប្អូនកម្មករនិយោជិតទៀតផង។
ដោយឡែក ក្នុងការចុះសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាង ១,៦០០នាក់ នៅរោងចក្រ ECLAT TEXTILE (CAMBODIA) CO.,LTD. ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល លោក កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រដូចជា៖ កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC «ការពិនិត្យគុណភាព» ពេទ្យសង្គ្រោះ និងទារកដ្ឋាន ផងដែរ។ លោក កុយ ទេពដារាវុធ និងក្រុមការងារ ក៏បានទទួលទានអាហាថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល។
នៅក្នុងឱកាសនោះដែរ លោកក៏បានជួបពិភាក្សាការងារជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់ នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត ដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។
សូមជម្រាបដែរថា ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាង ២,៧០០នាក់ នៃរោងចក្រ YAKJIN (Cambodia)INC. ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល លោក អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានជួបពិភាក្សាការងារជាមួយរដ្ឋបាល និងនាយកសហគ្រាស ដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេង ដែលរោងចក្រ YAKJIN (Cambodia) INC. ផ្តល់ជូនបងប្អូនកម្មករនិយោជិត។ នាឱកាសនោះដែរ លោកក៏បានចុះពិនិត្យមើលផ្ទាល់តាមខ្សែចង្វាក់ផលិតកម្ម នៅក្នុងអគាររោងចក្រ និងបានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបានទទួលទានបាយថ្ងៃត្រង់នៅអាហាដ្ឋានក្នុងរោងចក្ររួមគ្នាផងដែរ។
ជាថ្មីម្ដងទៀត លោក កុយ ទេពដារាវុធ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មនិយោជិតបានច្រើនជាងច្បាប់បានកំណត់ទៀតផង។ ក្នុងឱកាសនោះ លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទស្នាល។ ទន្ទឹមនេះ លោកអនុរដ្ឋលេខាធិការ បានស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ៕