(ភ្នំពេញ)៖ លោកស្រី កូឡុន អេភូហាមីលឡាច ចាមីនដា អ៉ីណូកា កូឡុន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសស្រីលង្កា ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្រីលង្កា បើទោះបីជាបញ្ចប់អាណត្តិក៏ដោយ។
លោកស្រីថ្លែងបែបនេះ ក្នុងឱកាស ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលការជម្រាបលារបស់លោកស្រី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ឯកអគ្គរដ្ឋទូតស្រីលង្កា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតនៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រីឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយក្តីពេញចិត្តខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងស្រីលង្កា និងបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៍រួមរវាងប្រទេស និងប្រជាជនទាំងពីរ មិនតែប៉ុណ្ណោះភាគីទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងតំបន់ និងអន្តរជាតិ៕