(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានការិយាល័យសណ្ដាប់ធ្នាប់ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងចាត់វិធានការពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក ដល់មន្រ្តីរាជការ និងកម្លាំងសមត្ថកិច្ចក្នុងខេត្ត។
កិច្ចប្រជានេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដោយផ្ដោតសំខាន់លើការត្រួតពិនិត្យ ពង្រឹងការងារផ្សព្វផ្សាយច្បាប់ ការរឹតបន្តឹងច្បាប់ ការអនុវត្តនីតិវិធីពិន័យ ការបែងចែកប្រាក់រង្វាន់ ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការកសាងសមត្ថភាព ការគ្រប់គ្រងកម្លាំង មធ្យោបាយនិងឧបករណ៍ច្ចេកទេស និងចំណាត់ការចំពោះបាតុភាពអសកម្ម នៅតាមបណ្ដាគោលដៅនីមួយៗ ដល់ការិយាល័យផ្លូវគោក និងអធិការរដ្ឋាននគរបាលស្រុក-ក្រុង នៃស្នងការនគរបាលខេត្តក្រចេះ។
លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍៩ខែ ដើមឆ្នាំ២០១៦ កើតឡើងចំនួន១១៨លើក ស្មើនឹង ៨.៥៤ភាគរយ ក្នុងនោះមានមនុស្សរងគ្រោះ សរុប២៥៧នាក់ ថយចុះ ៣០នាក់ ស្មើនឹង ១០.៤៥ភាគរយ (ស្លាប់៦១នាក់ ថយចុះ២៧នាក់ និងរបួសធ្ងន់១២០នាក់ ថយចុះ៥នាក់ របួសស្រាល៧៦នាក់ កើន២នាក់)។
លោកស្នងការរងបានបន្តថា មធ្យោបាយធ្វើដំណើរខូចខាតសរុប ១៩៣គ្រឿង ស្មើនឹង ៥.១៥ភាគរយ ក្នុងនោះម៉ូតូ ១១៩គ្រឿង រថយន្ត ៧២គ្រឿង យានយន្តកែច្នៃ ១៦គ្រឿង កង់២គ្រឿង និងផ្ទះ១ខ្នង។ គ្រោះថ្នាក់ទាំងនោះ គឺបណ្ដាលមកពីកត្តាបើកបរលើសល្បឿន ៥៨.៤៧ភាគរយ មិនគោរពសិទ្ធិអាទិភាព ២៩.៦៦ភាគរយ បត់គ្រោះថ្នាក់ ៥.៨ភាគរយ វ៉ាជែង ៤.២៣ភាគរយ ស្រវឹង ១.៦៩ភាគរយ និងងងុយដេក ០.៨៤ភាគរយ។
លោកបន្តទៀតថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៦ ក៏ដូចជានៅក្នុងឱកាសប្រារព្ធនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈ១៥ថ្ងៃនេះ ក្រុមការងារជំនាញការិយាល័យសណ្ដាប់ធ្នាប់ខេត្ត បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ តាមទីប្រជុំជនផ្សារចំនួន ៦០លើក តាមរយៈកម្មវិធីវិទ្យុ ទូរទស្សន៍។ ផ្សព្វផ្សាយច្បាប់ និងអនុក្រឹត្យបាន ៣០,៩៨២នាក់ នៅតាមផ្ទះ វេទិការសាធារណៈ តាមគ្រឹះស្ថានសិក្សា ព្រមទាំងបានធ្វើការផ្សព្វផ្សាយផែនការលេខ ០២៦ របស់គសចគ ដល់មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីនគរបាល ១៧៨ច្បាប់ ស្មើនឹង១៧៨នាក់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឡុង ធូ បានកត់សម្គាល់ឃើញថា ចាប់ពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានប្រព្រឹត្តទៅយ៉ាងសកម្ម និងទទួលបានលទ្ធផលវិជ្ជមានជាបណ្ដើរៗ ធ្វើឲ្យករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ការស្លាប់ និងរបួសមានការកាត់បន្ថយគួរឲ្យកត់សម្គាល់ ដែលទាំងនោះ បានបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្ត អនុវត្តការងាររបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចណ៍ផ្លូវគោក គ្រប់ថ្នាក់គ្រប់ផ្នែកពាក់ព័ន្ធ ព្រមទាំងការចូលរួមគោរព និងអនុវត្តច្បាប់ពីប្រជាពលរដ្ឋផងដែរ៕