(ភ្នំពេញ)៖ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ របស់ក្រសួងវប្បធម៌ និងវិចិត្រិសល្បៈ នៅថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាល គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ជំហានទី២ ក្រុមទី២ សម្រាប់មន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ឲ្យមានគរុកោសល្យត្រឹមត្រូវ ចេះគ្រប់គ្រងថ្នាក់រៀន និងឈានដល់ការផ្ទេរចំណេះដឹងដល់អ្នកបន្តវេន។
ពិធីបើកត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិក្ខាកាម ចំនួន ១០២រូប។
វគ្គបណ្តុះបណ្តាល ដែលសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌នេះ គឺផ្អែកលើគោលនយោបាយ និងយុទ្ធសាស្រ្តកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងគោលនយោបាយ ស្តីពីធនធានមនុស្សគ្រប់វិស័យជំនាញ សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ ជំនឿទុកចិត្ត ហើយវាក៏ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធន មនុស្ស សំដៅលើការពង្រឹង គុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញ បច្ចេកទេសជាដើម ដើម្បីឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការនៃការផ្តល់សេវាអប់រំ ដល់សិស្ស លើចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ និង ជំនាញមរតកដូនតាឱ្យស្របតាមស្តង់ដារជាតិ តំបន់ និងអន្តរជាតិ។
បើតាមលោក ធៀង វណ្ណដារ៉ុង ការសិក្សាលើមុខវិជ្ជាស្តីពី «គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២)» ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបំណងចង់ផ្តល់ទស្សនាទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ នៃសាលាមធ្យមវិចិត្រ សិល្បៈទាំង ១០២រូប (ស្រី៥០រូប) បន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើប កម្មផ្នែករដ្ឋបាលសិក្សា និង ផ្លាស់ប្តូរផ្នត់គំនិតពីការបង្រៀនតាមបែប «តំណរពូជ» មកបង្រៀនតាមបែបវិធីសាស្រ្តថ្មី នាសម័យបច្ចុប្បន្ន ដើម្បីអនុញ្ញាតឱ្យសិស្សទទួលបាននូវបែបផែនថ្មីតាមវិធីសាស្រ្តនាសម័យទំនើប ដោយលោកគ្រូ អ្នកគ្រូ បង្រៀនទៅតាមប្លង់មេរៀន កិច្ចតែងការបង្រៀន និងតាមជំហានច្បាស់លាស់ ដែលធ្វើឱ្យគុណភាពនៃការអប់រំកាន់តែមានប្រសិទ្ធភាព និងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផងដែរ។
លោកបានបន្តថា បើទោះបីជាវគ្គនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ មានកិច្ចសហការជាមួយសាស្រ្តាចារ្យ ដែលទទួលបានបណ្តុះបណ្តាលពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើស និងសម្រិតសម្រាំងមុខវិជ្ជាស្នូលសំខាន់ៗ ដើម្បីផ្តល់ចំណេះដឹងដល់សិក្ខាកាមក្នុងវគ្គសិក្សានេះ។
វគ្គបណ្តុះបណ្តាលនេះ ក៏ដាក់បញ្ចូលផងដែរ នៅមុខវិជ្ជាសំខាន់ៗចំនួន ២ រួមមាន៖
* ១៖ មុខវិជ្ជាគ្រប់គ្រងថ្នាក់រៀន អនុញ្ញាតឱ្យសិក្ខាកាមស្វែងយល់កាន់តែស៊ីជម្រៅពីបច្ចេកទេសគ្រប់គ្រងម៉ោងសិក្សាឱ្យមានប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងថ្នាក់រៀន មានសិល្បៈក្នុងការចែករំលែក លើកទឹកចិត្តដល់សិស្ស និងជំរុញការចូលរួមរវាងសិស្ស និងគ្រូបានល្អប្រសើរ។
* ២៖ មុខវិជ្ជាកិច្ចតែងការបង្រៀន គឺអនុញ្ញាតឱ្យសិក្ខាកាមទាំងអស់ដឹង និងយល់អំពីរយៈពេល នៃការបង្រៀនក្នុងមេរៀននីមួយៗ ជំហាននៃការបង្រៀន សកម្មភាពគ្រូ សិស្សក្នុងពេលបង្រៀន និងរៀន។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបន្តថា សម្រាប់នីតិកាលថ្មី នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈទាំងអស់ រួមទាំងជំនាញមរតកដូនតាផងដែរ ដើម្បីឱ្យដើរស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមានកំណត់នៅក្នុងបាវចនាទាំង ៥ របស់យុទ្ធសាស្រ្តបញ្ចកោណគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ នៅក្នុងគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺដើម្បីរួមចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធ ភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។
ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យបច្ចេកវិទ្យា ក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងមានផលិតភាព ជាកត្តាគន្លឹះដែលត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការពន្លឿន និងបង្កើនប្រសិទ្ធភាពការងារនៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូច្នេះវគ្គបណ្តុះបណ្តាល «ស្តីពី គរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុមទី២)» នឹងរួមចំណែកកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលមន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៅសាលាមធ្យមវិចិត្រសិល្បៈ បានប្រឈម និងស្វែងរកឱកាសសិក្សា និងស្វែងយល់ឱ្យកាន់តែប្រសើរឡើងថែមទៀត។
«ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ នៅក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ និងបានស្តារឡើងវិញ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មករហូតដល់បច្ចុប្បន្ន។ ដូច្នេះការចូលរួមក្នុងកម្មវីធីសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានា គឺជាការបើកឱកាសឱ្យសិក្ខាកាមម្នាក់ៗ ទទួលយកនូវចំណេះដឹងថ្មី បទពិសោធថ្មី ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យស្របទៅនឹងបរិបទនៃសម័យបច្ចុប្បន្ន»។ លោក ធៀង វណ្ណដារ៉ុង ថ្លែងបញ្ជាក់បន្ថែម៕