(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អស់រយៈពេល១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។
សម្តេចបញ្ជាក់ទៀតថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។
សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។
សម្តេចក៏សូមអរគុណ ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។
សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប»។
ជាមួយគ្នានេះ សម្តេចធិបតី បានជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ៕