(ហ្សាការតា)៖ នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក John W.H. Denton អគ្គលេខាធិការសភាពាណិជ្ជកម្មអន្តរជាតិ (ICC) ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសកម្មភាពថ្មីៗ របស់ ICC នៅអាស៊ីអាគ្នេយ៍ ហើយបានពិភាក្សាអំពីវិស័យសហការដែលអាចធ្វើទៅបាន រវាងអាស៊ាន និង ICC រួមទាំង តាមរយៈគំនិតផ្តួចផ្តើមស្តង់ដារឌីជីថល ជាដើម។
នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោកស្រី Carmen G. Cantor ឧបការីរដ្ឋមន្ត្រីមហាផ្ទៃសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអន្តរជាតិ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តផែនការការងារបរិស្ថាន និងអាកាសធាតុអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជា ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ឧទ្យានបេតិកភណ្ឌអាស៊ាន តាមរយៈភាពជាដៃគូជាមួយមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះ៕