(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើហ្វេសប៊ុកមួយឈ្មោះ «អរគុណសន្តិភាព» ដែលបានយករូបចាស់របស់សម្តេច ពេលទៅព្យាបាលសុខភាពនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៩ មកបង្ហោះជាថ្មី បង្កឱ្យមានការភាន់ច្រឡំ។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមកុំរពឹស មាន Facebook មួយឈ្មោះ អរគុណសន្តិភាព ដែលមាន Profile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះ កាលពីឆ្នាំ២០១៩ ពេលដែលខ្ញុំរបួសស្មា និងត្រូវទៅព្យាបាលនៅសិង្ហបុរីមកបង្ហោះឡើងវិញ»។
សម្តេចបានបន្តថា៖ «ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយបង្កឲ្យមានការភាន់ច្រឡំក្នុងចំណោមប្រជាជនថា ខ្ញុំកំពុងត្រូវរបួស និងចាកចេញពីប្រទេស។ ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះ ដើម្បីឈានទៅបំបាត់ Facebook ក្លែងក្លាយ និងព័ត៌មានក្លាយ»៕