(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់លោកស្រី Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតស្រីលង្កា ក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា។ ជាពិសេសបានរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្រីលង្កា ឱ្យកាន់តែល្អប្រសើរ។
ការវាយតម្លៃរបស់សម្តេចធិបតី បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោកស្រីឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលានៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានជម្រាបសម្ដេចធិបតី អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។
ទោះបីចប់អាណត្តិការងារនៅកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត បន្តប្តេជ្ញាជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា។
សម្ដេចធិបតីបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានលទ្ធភាពជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ជាដើម។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីស្រីលង្កាប្រចាំកម្ពុជា៕