(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ Hotline Group Meeting លើកទី១៥ ជាមួយប្រធានកុងស៊ុលប្រចាំខេត្តសៀមរាប។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីអង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ ដែលពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុងសៀមរាមផងដែរ។
ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួល និងដោះស្រាយហេតុការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងជនបរទេសដែលកំពុងស្នាក់នៅប្រកប មុខរបរកស៊ី និងអ្នកទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាប។
ដើម្បីឲ្យកិច្ចការនេះកាន់តែមានប្រសិទ្ធិភាពកន្លងមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបណ្តាកុងស៊ុលប្រចាំនៅក្នុងខេត្តសៀមរាប បានឯកភាពគ្នារៀបចំរបបកិច្ចប្រជុំរៀងរាល់៣ខែម្តង ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការជាមួយបណ្តាស្ថានកុងស៊ុលដែលមានការិយាល័យប្រចាំនៅខេត្តសៀមរាប៕