(វៀងច័ន្ទ)៖ សារព័ត៌មានរដ្ឋឡាវ Vientiane Times បានរាយការណ៍ថា រដ្ឋាភិបាលប្រទេសឡាវ នឹងបន្តសហការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីត្រួតពិនិត្យតាមដានស្ថានការណ៍ក្នុងតំបន់ក៏ដូចជា ទូទាំងសកលលោកជុំវិញការឆ្លងវីរុស Zika។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវលោក Bounkong Syhavong បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានពិភាក្សាបញ្ហាវីរុស Zika នៅក្នុងអំឡុងពេលកិច្ចប្រជុំតាមវីដេអូ ជាមួយនឹងរដ្ឋមន្រ្តី ក្រសួងសុខាភិបាលរបស់បណ្តាប្រទេសអាស៊ាន លើបញ្ហាគំរាមកំហែងដែលបង្កដោយការឆ្លងវីរុស Zika នៅក្នុងតំបន់។ លោក Bounkong បាននិយាយក្នុងនាមជារដ្ឋាភិបាលឡាវថា លោកបានប្តេជ្ញា នឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ជាមួយបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ក្នុងការទប់ស្កាត់វីរុសនេះ។
គួរបញ្ជាក់ថា ករណីឆ្លងនៃវីរុស Zika ចំនួន១៨ករណី ត្រូវបានរកឃើញនៅចន្លោះឆ្នាំ២០១៣ ដល់២០១៥ ប៉ុន្តែចាប់ពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះ គ្មានករណីឆ្លងនៃវីរុស Zika ណាមួយត្រូវគេបានរាយការណ៍ថាបានកើតមានឡើងបន្ថែមទៀតនៅប្រទេសឡាវនោះឡើយ។ សម្រាប់ប្រទេសអាស៊ាន ដែលវីរុស Zika កំពុងវាយលុកខ្លាំងជាងគេនោះ គឺ សិង្ហបុរី និងថៃ៕