(ព្រៃវែង)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានបន្តដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យពពួកសត្វល្អិត ដែលមានរុយស ដែលបានស៊ីបំផ្លាញ លើដំណាំស្រូវរបស់ប្រជាកសិករ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី, ភូមិព្រៃដើមថ្នឹងទី១ ឃុំព្រៃដើមថ្នឹង, ភូមិអន្លុងស ឃុំរំលេច, ភូមិព្រៃដើមថ្នឹងទី៣ ឃុំព្រៃដើមថ្នឹង, ភូមិព្រៃឈាងទី២ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងដែលមានវត្តមានរុយស លើដំណាំស្រូវជាង១០០ហិតា ដែលប៉ះពាល់ចំនួន៦ឃុំ។
ក្នុងឱកាស នៃការចុះពិនិត្យនោះ លោកអភិបាលខេត្ត បានចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះបញ្ហាពពួកសត្វល្អិត មានរុយស ដែលកំពុងតែបានស៊ីបំភ្លេចបំផ្លាញស្រូវរបស់ប្រជាកសិករនេះ។ ដែលទាំងអស់នេះគឺជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្ទាល់ដែលកំពុងតែទទួលរងនូវការប៉ះពាល់ដោយសាររុយសនេះ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំអាជ្ញាធរស្រុក ឃុំ ត្រូវធ្វើការប្រជុំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីធានាដល់ការទប់ស្កាត់ អំពីបញ្ហា រុយស ដែលកំពុងតែស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកស៊ីធរកណ្តាលនេះ ទោះបីជាមិនទាន់មាន រុយសស៊ីបំផ្លាញច្រើនលើដំណាំស្រូវរបស់ប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែចូលរួមទប់ស្កាត់ឲ្យបាន កុំឲ្យមានការរាលដាលដល់ស្រែរបស់ប្រជាកសិករផ្សេងទៀត។
នៅចំពោះមុខនេះ រដ្ឋបាលខេត្តព្រៃវែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តតាមដាននិងចុះធ្វើអន្តរាគមន៍វិធានការនានាក្នុងការ កំចាត់ រុយ សដែលបំផ្លាញផលដំណាំស្រូវរបស់កសិករជាបន្តបន្ទាប់ទៀត៕