(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា មន្ទីរសាធារណការខេត្តបានត្រៀមកម្លាំង ត្រៀមសម្ភារ សម្រាប់ត្រៀមអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង អនុវត្តន៍តាមបទបញ្ជាលោក គីម រិទ្ធី អភិបាលខេត្ត ក្នុងករណីមានគ្រោះទឹកជំនន់កើតឡងបណ្តាលឱ្យខូចខាតផ្លូវ ស្ពាន ជាយថាហេតុនៅកន្លែងណាមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការថ្លែងរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកចូលរួមដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ និងលោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាជការជាច្រើនរូបទៀត។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ លោក សំ លាងទ្រី បានថ្លែងពីស្ថានភាពជំនន់ទឹកភ្លៀងដែលបានធ្លាក់ជោគជាំប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យផ្លូវមួយចំនួនរងការខូចខាត ប៉ុន្តែទោះជាយ៉ាងណាស្ថានភាពផ្លូវដែលគ្រប់គ្រងដោយមន្ទីរ គឺយើងនៅគ្រប់គ្រងបានជាធម្មតា មិនមានផ្លូវណាមួយដែលមិនអាចធ្វើដំណើរបាននោះទេ។
លោកប្រធានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានត្រៀមកម្លាំង និងសម្ភារ សម្រាប់អន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង អនុវត្តតាមបទបញ្ជាលោកអភិបាលខេត្ត ក្នុងករណី មានការខូចខាតផ្លូវ ស្ពាន ត្រង់កន្លែងណាមួយដោយទឹកជំនន់ មិនថាពេលណានោះទេ គឺយើងនឹងចុះធ្វើភ្លាម ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានណែនាំក្រុមការងារត្រូវចុះពិនិត្យមើលផ្លូវជាប្រចាំ ធ្វើយ៉ាងណាកុំឱ្យមានគ្រលុកនិងសំបុកមាន់។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមដងផ្លូវ សូមចូលរួមថែផ្លូវថ្នល់របស់យើង ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយមិនត្រូវយកចំណីផ្លូវធ្វើអាជីវកម្ម កុំចាក់ដីលុបលូ លុបប្រឡាយ និងពិសេសសូមកុំចាក់ដីខ្ពស់ជាងផ្លូវ។
ជាមួយគ្នានេះ លោកប្រធានក៏សំដែងការកោតសរសើរដល់លោក លោកស្រីនៅតាមការិយាល័យជំនាញ ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យចៀសឆ្ងាយពីគ្រឿងៀន និងត្រូវត្រៀមទាំងអស់គ្នាដើម្បីចូលរួមអបអរសាទរ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោហ០៩.០០នាទីព្រឹក ខាងមុខនេះ៕