(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសភាពាណិជ្ជកម្មកម្ពុជា ដែលមានឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ឌ «ផ្នែកសំណង់និងអចលនទ្រព្យ» ផ្នែកឯកជន តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំអនុសហប្រធាន, សមាជិក សមាជិកា និងលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារ ឌ «ផ្នែកសំណង់ និងអចលនទ្រព្យ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានក្រុមការងារ ឌ តំណាងរដ្ឋាភិបាល។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន, តំណាងសមាគមអ្នកសាងសង់កម្ពុជា, តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ពិនិត្យ ពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈម និងទទួលធាតុចូល សំណើសំណូមពរ ពីវិស័យឯកជន ពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា រួមមាន៖

* ១៖ ការកំណត់ទីផ្សារ និងតម្រូវការទីផ្សារក្នុងវិស័យសំណង់ដោយការផ្តល់ជូនទិន្នន័យសំណង់ជូនផ្នែកឯកជន
* ២៖ ការបង្កើតអនុគណៈកម្មការគាំទ្រដល់ក្រុមការងារ
* ៣៖ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងការថែទាំប្រព័ន្ធនេះនៅក្នុងសំណង់អាគារ
* ៤៖ ការសាងសង់សំណង់ដោយកំណត់នីវ៉ូបាតសូន្យ
* ៥៖ សំណើសុំបង្កើតក្រុមការងារ ដើម្បីពិគ្រោះយោបល់លើវិស័យសំណង់ និងអចលនទ្រព្យ ជាដើម។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់បញ្ហាប្រឈម និងសំណូមពរ នានា ដែលលើកដោយវិស័យឯកជន ទទួលយកទាំងអស់ នឹងពិនិត្យដោះស្រាយ។ លើសពីនេះ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន «ក្រុមការងារ ឌ» ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើជាសហប្រធានជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា បានប្រជុំត្រួតពិនិត្យលើ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយបញ្ចប់វិវាទដីធ្លី បញ្ហានៅបុរី បញ្ហាតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ការបង្កើតបរិយាកាសគ្មានវិវាទ និងការផ្តល់សេវាគាប់ចិត្តតាមរយៈការធ្វើបរិវត្តកម្មឌីជីថល៕