(រតនគិរី)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់លើ សកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនចំនួន៦រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។
ពួកគេបានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិនាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅពួកគេ ឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។
ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។
អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុមប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល នយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានា រក្សាបានសុខ សន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជនដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕