(កែប)៖ លោក ឃន វុទ្ធី បានប្រកាសតែងតាំងជា អភិបាល នៃគណៈអភិបាលក្រុងកែប ជាផ្លូវការជំនួសអភិបាលក្រុងកែបចាស់លោក ខេង យ័ន និងលោក សេ មុត ជានាយករដ្ឋបាលសាលាក្រុងកែប។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងកែប ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ ស្នងការ មេបញ្ជាការខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង សង្កាត់ និងមន្ត្រីរាជការ ចំណុះអោយរដ្ឋបាលក្រុងកែបផងដែរ។
ក្នុងពិធីតែងតាំងខាងលើ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំឲ្យអភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុងកែប ត្រូវខិតខំនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគោលការណ៍ ផែនការរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ធ្វើឲ្យក្រុងកែប មានការអភិវឌ្ឍន៍ខ្លាំងឡើងថែមទៀត ធានាការបម្រើ និងផ្តល់សេវាដ៏ល្អជូនប្រជាពលរដ្ឋ។
លោកបន្ថែមថា លោកអភិបាលក្រុងកែបថ្មី ត្រូវបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយគុណធម៌ សីលធម៌ សក្តិសមជាអ្នកបម្រើរាស្រ្ត និងគិតគូពីផលប្រប្រយោជន៍រាស្រ្តជាធំ។
ដើម្បីឆ្លើយតបទៅនិងជំនឿជឿជាក់របស់រាជរដ្ឋាភិបាលកម្ពុជា លោក ឃន វុទ្ធី អភិបាលក្រុងកែប បានប្តេជ្ញាចិត្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អទាំងក្នុងក្រុមប្រឹក្សាក្រុង និងមន្ទីរ អង្គភាពជុំវិញខេត្ត និងខិតខំរៀនសូត្រ ពង្រឹង និងបង្កើនភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ប្រកបដោយប្រសិទ្ធភាព និងជឿទុកចិត្តសំដៅធ្វើឲ្យការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក- ខណ្ឌ និងគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ មានភាពជោគជ័យ៕