(ភ្នំពេញ)៖ លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា លោកមានបំណងចេញថវិកា និងធ្វើជាអ្នកធានាឲ្យលោក ស៊ាង ចែត អតីតមេឃុំមកពី គណបក្ស សម រង្ស៊ី ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ឲ្យនៅក្រៅឃុំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រសិនបើ តុលាការអនុញ្ញាតឲ្យ។
ការប្រកាសរបស់ លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈលោកធ្វើវេទិកានយោបាយស្ដីពី «ប្រព័ន្ធយុត្ដិធម៌ និងសិទ្ធិសេរីភាព» នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ និងក្រោយពេលដែលលោក និងថ្នាក់ដឹកនាំមួយចំនួនទៀត ចុះសួរសុខទុក្ខតំណាងរាស្រ្ត និងអ្នកជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស នៅថ្ងៃម្សិលមិញ។
លោក សុន ឆ័យ បានប្រាប់ឲ្យដឹងថា «ខ្ញុំធានាបើខ្ញុំធានាបាន ខ្ញុំនឹងធ្វើលិខិតធានាឲ្យគាត់បានចេញទៅភ្ជុំបិណ្ឌ ទៅផ្ទះទៅសម្បែងគាត់ លោក ស៊ាង ចែតនេះ ឲ្យតែជួបពេលណាយំពេលហ្នឹងក្តុកក្តួលដែរ ជួបគាត់២ដងហើយ ឲ្យតែជួបយំទឹកភ្នែកទឹកសំបោរ បើលែងបានសុំឲ្យរដ្ឋាភិបាលលែងទៅ ហើយបើធានាបានខ្ញុំធានាដាក់លុយកាកអី ខ្ញុំសុខចិត្ត ធានាឲ្យ គាត់ទៅផ្ទះទៅសម្បែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»។
សូមបញ្ជាក់ថា អតីតមេឃុំ លោក ស៊ាង ចែត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្រោមបទប្រកាន់ «សូកប៉ាន់សាក្សី»។ លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀមខេត្ត កំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។
តាមការរៀបរាប់របស់ស្រីមុំ តាមរយៈលិខិតចំហរនោះ បានឱ្យដឹងថា លោក ស៊ាង ចែត បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕