(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្លាកសញ្ញាចរាចរណ៍ចំនួន ១០០ផ្លាក ពីនាយិកាក្រុមហ៊ុន ELECTRICITY PROFESSIONAL SERVICE CO., LTD ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។
គួរបញ្ជាក់ផងដែរថា ផ្លាកសញ្ញាចរាចរណ៍ទាំងអស់នេះ ក្រសួងនឹងយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងសម្រាប់ដាក់តាមផ្លូវថ្នល់គ្រប់ប្រភេទ។ ផ្លាកសញ្ញាចរាចរណ៍ចំនួន ១០០ផ្លាក រួមមាន៖ ផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា៦០គីឡូម៉ែត្រ/ម៉ោង ចំនួន ២៥ផ្លាក, ផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រ/ម៉ោង ចំនួន ២៥ផ្លាក, ផ្លាកសញ្ញាបន្ថយល្បឿន ចំនួន២៥ផ្លាក , ផ្លាកសញ្ញាអាទិភាព ចំនួន២៥ផ្លាក៕