(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, ប្រធានគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងជាប្រធានក្រុ មការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់អំណោយ និងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អតីតយុទ្ធជនចំនួន៦០នាក់។
ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និ ងលោកមេបញ្ជាការសឹករងខេត្ត ស្នងការនគរបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងមនោសញ្ចេតនាប្រកបដោយក្តីនឹករលឹកជាទីបំផុតចំពោះនាយទាហាន ពលទាហាន និងអតីតយុទ្ធជនទាំងអស់ដែលមានវត្តមាននៅទីនេះ។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីតយុទ្ធជនដែលបានលះបង់កម្លាំងកាយចិត្ត ហ៊ានបូជាសាច់ស្រស់ឈាមស្រស់នៅក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ តាំងពីសម័យសង្គ្រាមរហូតដល់ប្រទេសជាតិ មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបន្តថា ជានិច្ចជាកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជានិច្ច ព្រោះបងប្អូនអតីតយុទ្ធជន បានធ្វើពលិកម្មច្រើនណាស់ដើម្បីជាតិមាតុភូមិ និងបង្កើតឱ្យមានសុខសន្តិភាពដែលយើងទទួលបានមក ដល់សព្វថ្ងៃនេះ។ បងប្អូនអតីតយុទ្ធជន គឺជាវិរៈយុទ្ធជនដ៏ពិតប្រាកដដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែគិតគូរ។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ក៏បានស្នើសុំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាប្រធានកិត្តិយស និងលោកមេប៉ុស្តិ៍រដ្ឋបាលជាប្រធានសាខា នៅថ្នាក់ឃុំ សង្កាត់ត្រូវជួយមើលថែទាំបងប្អូនអំពីសុខទុក្ខពិសេសគឺជីវភាព និងសុខភាព នូវពេលដែលបងប្អូនអតីតយុទ្ធជនយើងមានធុរៈត្រូវចេះចលនាសមាជិកនៅក្នុងមូលដ្ឋានជួយដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា៕