(ភ្នំពេញ)៖ បណ្ឌិត និងអ្នកជំនាញមួយចំនួន បានប្រកាសគាំទ្រឱ្យមានការដំឡើងអាករពិសេសលើបារី ដើម្បីកាត់បន្ថយជំងឺដែលបង្កដោយការជក់បារី និងចូលរួមចំណែកកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ទៅលើសេវាសុខភាព។
ថ្លែងក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ចំណូលពន្ធពីបារី បើតាមគិតជាប្រាក់ដុល្លារក្នុងមួយឆ្នាំ គឺប្រមូលបានប្រមាណ ២៥លានដុល្លារ ក៏ប៉ុន្តែបើយើងក្រឡែកទៅមើលការចំណាយរបស់រដ្ឋាភិបាល ទៅលើសេវាសុខភាពសាធារណៈវិញរហូតដល់ ២៥០លានដុល្លារ ក្នុងមួយឆ្នាំ ហើយផលប៉ះពាល់នៃការជក់បារីក៏អាចនឹងរួមចំណែកបន្តធ្វើឱ្យការកើនឡើងរបស់ រាជរដ្ឋាភិបាលផងដែរ។
លោកបណ្ឌិតក៏ស្នើសុំឱ្យគណៈកម្មការដែលបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងរញ្ញវត្ថុ និងក្រសួងសុខាភិបាល សិក្សាជម្រៅទៅលើរឿងនេះ និងជំរុញការតម្លើងពន្ធនេះដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់បារី និងរួមចំណែកជួយឱ្យយុវជនយើងក្លាយទៅជាមូលធនមនុស្សសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ចំណែកឯ លោកស្រីបណ្ឌិត ADA MOADSIRI តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបន្ដថា អ្វីដែលឧស្សាហកម្មថ្នាំជក់តែងតែធ្វើ គឺពួកគេតែងតែបំភាន់ការពិត ពេលខ្លះឧស្សាហកម្មថ្នាំជក់បំភាន់ថា ដំឡើងអាករពិសេស និងនាំឱ្យបារីគេចពន្ធដោយសារមានគំនិតមួយថា ពេលដំឡើងអាករពិសេស ប្រជាពលរដ្ធនិងប្រើប្រាស់តិចជាងមុន បែបនេះមានន័យថា យើងទទួលបានចំណូលពន្ធតិចជាងមុន ផ្ទុយទៅវិញ ដូចខ្ញុំបានបញ្ជាក់ខាងលើអំពី PRICE ELASTICITY ចំណូលពន្ធរដ្ឋនិងកើនឡើង គ្រាន់តែពួកគាត់ចំណាយលុយទិញថ្នាំជក់តិចជាងមុន មិនមានន័យថា ពួកគាត់មិនចំណាយលុយទិញទំនិញផ្សេងទៀតឯណា។
លោកស្រីបណ្ឌិត បានបន្ដទៀតថា ប្រសិនបើអ្នកចំណាយលុយទៅលើថ្នាំជក់តិចជាងមុន អ្នកអាចប្រើប្រាស់ថវិកាទាំងនោះ ទៅលើទំនិញផ្សេងៗ ឬជំនួញដទៃទៀត ដោយសារតែពេលវេលា ខ្ញុំមានមតិបំភាន់ពីទៀតមកចែករំលែក ហើយអាចលើកឡើងនាពេលពិភាក្សា ពេលខ្លះឧស្សាហកម្មថ្នាំជក់បំភាន់ថា ដំឡើងអាករពិសេស និងធ្វើបាបអ្នកមានជីវភាពក្រីក្រ ដូចដែលលោក សុខ ទូច បានបញ្ជាក់មុននេះបន្ដិច តាមពិតទៅ ការប្រែប្រួលតម្លៃ និងជីៈឥទ្ធិពលទៅដល់ឥរិយាបថនៃការប្រើប្រាស់របស់អ្នកមាន ជីវភាពក្រីក្រ ហើយវានឹងអាចជួយកាត់បន្ថយបន្ទុកមួយចំនួនទៅដល់អ្នកមានជីវភាពក្រីក្រ។
លោកស្រីបណ្ឌិត បានបញ្ជាក់ថា ហើយមានព័ត៌មានបំភាន់មួយទៀតថា ដំឡើងអាករពិសេស នឹងនាំឱ្យមានការគេចពន្ធ ផ្ទុយទៅវិញ យើងមិនឃើញទំនាក់ទំនងរវាងការដំឡើងអាករពិសេស និងការគេចពន្ធ យើងពិតជាបានឃើញថា ដរាបណាប្រទេសនោះមានការពង្រឹងការអនុវត្ដ និងវិធានប្រមូលពន្ធបានល្អ ដំឡើងអាករពិសេស និងមិននាំឱ្យមានការគេចពន្ធទេ ដោយសារតែប្រទេសកម្ពុជា មានតម្លៃពន្ធទាបលើថ្នាំជក់ បើធៀបនិងប្រទេសជិតខាង វានិងអាចដំឡើងតម្លៃថ្នាំជក់នៅទីនេះ វានិងនាំឱ្យមានការគេចនោះទេ ពីព្រោះតម្លៃផលិតផលថ្នាំជក់នៅកម្ពុជា ទាបជាងប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាមជាដើម។
រីឯលោក វ៉ាន់ ពុទ្ធិពល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគាំទ្រចំពោះការដំឡើងពន្ធបារីឱ្យខ្ពស់។ លោកថា «ទោះបីថាដំឡើងទៅបានលទ្ធផលក៏គេជិតខាងប្រទេសជុំវិញយើងក៏វាខ្ពស់ ដែលជាង៧០% នៃតម្លៃលក់រាយកម្ពុជាជាង៣០% ប៉ុន្តែទោះយ៉ាងណាក៏គ្រាន់បើដែរព្រោះថា ក្នុងរយៈពេលឆ្នាំ២០២៤នេះ យើងអនុវត្តអ្វីដែលថាជាការជួយឱ្យទៅបារីឡើងថ្លៃបន្តិចដោយសារតែយើងប្ដូរអត្រាអាករសម្រាប់បំភ្លឺសាធារណៈហ្នឹងពីរ៣% យកគ្រប់ដំណាក់កាលទៅ៥% យកតែម្ដង។
លោកបានបន្ថែមទៀតថា សម្រាប់ការបង់វ៉ាត់សម្រាប់ការលក់ចេញរបស់ក្រុមហ៊ុននាំចូលបារី ហើយអាករសម្រាប់បំភ្លឺសាធារណៈពីមុន៣% ទោះបីយកគ្រប់ដំណាក់កាលក៏បានតិចតួចណាស់ នៅពេលដែលផលិតចេញក្រុមហ៊ុនបង់នៅពេលដែលយកទៅលក់ សណ្ឋាគារ តាមតូចៗមិនត្រូវបង់ពន្ធទេ។ អញ្ចឹងបាត់៣%នោះអស់តិចតួចទេ ដែលប្រមូលបានពីសណ្ឋាគារ និងភោជនីយដ្ឋាន បើយក៥%តែម្ដងយើងបានតែមួយដុំអញ្ចឹងយើងកើន លោកប្ដេជ្ញា និងគាំទ្រខិតខំធ្វើយ៉ាងម៉េចឲ្យតម្លៃបារីឡើងតាមរយៈការដំឡើងពន្ធ។
ដោយឡែក លោក ម៉ម សារិទ្ធ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីគណៈរដ្ឋមន្រ្តី បានជឿជាក់ថា មានកិច្ចការចាំបាច់នៅក្នុងការដំឡើងពន្ធលើថ្នាំជក់ ហើយការហូតពន្ធបន្ថែមទៅលើផលិតផលនេះ គឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ មានន័យថា សុខភាពសាធារណៈក៏កើនឡើង យុវជនមានឥរិយាបថប្រសើរជាងមុន កម្លាំងពលកម្មមានផលិតភាពខ្ពស់យើងអាចសង្ឃឹមទៅតាមបច្ចុប្បន្នទៅការអនាគតហើយចំណូលថវិកាក៏មិនថយចុះ និងឈ្នះទាំងសងខាង ហើយលោករំពឹងថាបន្ទាប់ពីវេទិកានេះហើយវិធានការគោលនយោបាយនិងកើតមានឡើង៕
សូមទស្សនាវីដេអូដូចខាងក្រោម៖