(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលទីម័រខាងកើត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ លើកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Hélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត។
កិច្ចប្រជុំទ្វេភាគីនេះ ជាកិច្ចប្រជុំលើកដំបូងរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលទីម័រខាងកើត ដែលបានបង្ហាញពីការចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារ នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការល្អប្រសើរ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ និងដំណើរការវិវត្តនៃវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើការចែករំលែកនូវបទពិសោធន៍ និងយុទ្ធសាស្ត្រនៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដុល្លារូបនីយកម្ម ក៏ដូចជាប្រធានបទសំខាន់ៗផ្សេងទៀត ដែលមានអត្ថប្រយោជន៍សម្រាប់ធនាគារកណ្តាល និងប្រទេសទាំងពីរ។
នាឱកាសនោះទេសាភិបាល នៃធនាគារកណ្តាលទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដែលមានគោលបំណងពង្រឹងកិច្ចសហការលើ៖
១៖ ប្រតិបត្តិការធនាគារកណ្តាល។
២៖ ការតភ្ជាប់ការទូទាត់សងប្រាក់។
៣៖ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល។
៤៖ ការត្រួតពិនិត្យធនាគារ។
៥៖ បរិយាបន្នហិរញ្ញវត្ថុ។
៦៖ ការអភិវឌ្ឍធនធានមនុស្ស។
តាមរយៈអនុស្សរណៈយោគយល់នេះ មន្ត្រីជំនាញនៃធនាគារកណ្តាលទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ បច្ចេកទេសកាន់តែរឹងមាំ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាប្រចាំ ការចែករំលែកព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបទពិសោធន៍និងចំណេះដឹងលើការងារបច្ចេកទេសជាដើម។
ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំខាងលើ និងបានសម្រេចឱ្យមានកិច្ចប្រជុំជាប្រចាំឆ្នាំ ព្រមទាំងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ៕