(ភ្នំពេញ)៖ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។
លោកអគ្គលេខាធិការរង ថ្លែងបែបនេះ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។
នាឱកាសនោះ លោក អាទល់ ខារ៉េ បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេស ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយគ្នានេះ កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។
បន្ថែមពីនេះ លោកអគ្គលេខាធិការរង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ លោកអគ្គលេខាធិការរង បានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។
ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។
មុននឹងបញ្ចប់ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-សាធារណរដ្ឋកូរ៉េ-កម្ពុជា ( The UN-ROK-Cambodia Triangular Partnership) ក្នុងចុងឆ្នាំ២០២៤ និងកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-ជប៉ុន-កម្ពុជា (The UN-Japan-Cambodia Triangular Partnership) នៅដើមឆ្នាំ២០២៥៕