(ភ្នំពេញ)៖ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរកងកម្លាំងមួកខៀវរបស់កម្ពុជាថា ជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានបង្ហាញការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
ក្រៅពីថ្លែងកោតសរសើរចំពោះការបំពេញការងាររបស់កងកម្លាំងមួកខៀវរបស់កម្ពុជាហើយនោះ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក អាទល់ ខារ៉េ ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ ក៏ដូចជាក្រុមគ្រួសារ ចំពោះការបាត់បង់អាយុជីវិតរបស់កងកម្លាំងមួកខៀវកម្ពុជាចំនួន១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានលើកឡើងថា ការពលីជីវិតនេះ ទោះបីអង្គការសហប្រជាជាតិ បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិតយ៉ាងណាក្តី ប៉ុន្តែមិនអាចធ្វើឱ្យពួកគេមានជីវិតឡើងវិញបាននោះឡើយ។
នៅក្នុងជំនួបនេះ លោក អាទល់ ខារ៉េ បានថ្លែងកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ជាពិសេស ការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប. (អ.ស.ប. Triangular Partnership Program, TPP)» ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងប្រទេសកូរ៉េខាងត្បូង នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។
លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ចាត់ទុកសកម្មភាពនេះបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃយុទ្ធជនកម្ពុជាទាំង១១រូបដែលបានពលីជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនាពេលកន្លងមក។
ទន្ទឹមនឹងការប្តេជ្ញាបន្តសហការជាមួយអង្គការសហប្រជាជាតិ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនពាក់ព័ន្ធបេសកកម្មរក្សាសន្តិភាព ជូនទៅលោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិផងដែរ។ អនុសាសន៍ ដែលសម្តេចតេជោ បានផ្តល់នោះរួមមាន៖
ទី១៖ គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការពិនិត្យជ្រើសរើសនាយទាហានជាមេបញ្ជាការ និងសេនាធិការ ដែលចាំបាច់ត្រូវតែជានាយទាហានដែលមានជំនាញ និងសមត្ថភាពជាយុទ្ធសាស្រ្ត ក្នុងការដាក់ពង្រាយកម្លាំងទ័ពដែលជួយគាំទ្រឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី២៖ បង្កើនការយកចិត្តទុកដាក់ចំពោះកងកម្លាំងរក្សាសន្តិភាព នៅប្រទេសលីបង់ ទោះបីជាស្ថានភាពសង្រ្គាមក្នុងប្រទេសលីបង់ មានភាពស្ងប់ស្ងាត់ក៏ដោយ ដើម្បីមានវិធានការជួយអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា។
សម្តេចតេជោ ក៏បានសម្តែងការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយសហការជាមួយកូរ៉េខាងត្បូង និងជប៉ុន។
សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ បន្ថែមពីលើនោះ កម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនរបស់អាស៊ាន សម្តេចតេជោ បានបញ្ជាក់ថា ក្រៅពីប្រទេសសមាជិកអាស៊ាន កម្ពុជា បើកទ្វារស្វាគមន៍រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូនមន្រ្តីមករៀនជំនាញបោសសម្អាតមីននៅកម្ពុជា ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ។
«កម្ពុជា ចាំច្បាស់ណាស់ថា ប្រទេសជាមិត្តបានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជា ក៏ត្រូវពាក់មួកខៀវជួយប្រទេសទាំងអស់ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ»។ នេះជាការបញ្ជាក់ជំហររបស់កម្ពុជាលើបេសកកម្មរក្សាសន្តិភាព ដោយសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានសម្រេចចិត្តក្នុងការបញ្ជូនកងទ័ពកម្ពុជាចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៦។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជាការទទួលខុសត្រូវដ៏ធំផងដែរ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា។
ចាប់ពីឆ្នាំ២០០៦ ដល់ខែមិថុនា ឆ្នាំ ២០២៤ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ ចំនួន ៩,៥៧០នាក់ (ស្ត្រី ៨១៨នាក់) ទៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្រ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៦២៧ ស្ត្រី ១២៥នាក់ ត្រូវបានដាក់ពង្រាយ នៅស៊ូដង់ខាងត្បូង (UNMISS) លីបង់ (UNFIL) អាហ្រ្វិកកណ្តាល (MINUSCA) កុងហ្គោ (MONUSCO) និងស៊ូដង់ (UNISFA)។
កម្ពុជាបន្តឈរនៅលំដាប់កំពូលទាំង២៥ ក្នុងចំណោមប្រទេសចំនួន១២១ ដែលរួមចំណែកកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) នៃបណ្តាប្រទេសអាស៊ាន។ សម្រាប់ការរួមចំណែកដល់កងទ័ពស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោមប្រទេសចំនួន១១៩ និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន៕