(ហាណូយ)៖ តុលាការខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម បានសម្រេចទោសប្រហារ ជីវិតទៅលើក្រុមរត់ពន្ធគ្រឿងញៀន ដែលមានគ្នា ០៩នាក់ ពីបទរត់ពន្ធសារធាតុញៀន ហេរ៉ូអ៊ីន ១,៧៩១គ្រាប់ និង មេតំហ្វេតាមីន ៥១.៥ក្រាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
មនុស្សទាំង ០៩នាក់ខាងលើនេះ បានព្យាយាមរត់ពន្ធសារធាតុញៀនពីប្រទេសឡាវ មកកាន់ខេត្ត Son La និង Zbac Giang ភាគខាងជើងវៀតណាម ដើម្បីរៀបចំនិងចែកចាយបន្ត។ តុលាការបានរកឃើញថា ឧក្រិដ្ឋជនទាំងនេះ បានប្រព្រឹត្តបទល្មើសនៅអំឡុងឆ្នាំ ២០០៩ ដល់ ២០១៣ ក្នុងសកម្មភាពចំនួន ១៣លើក និងទទួលបានប្រាក់ចំណេញ ៦០៨,៥០០ ដុល្លារអាមេរិក៕