(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចេញលិខិតថ្លែងអំណរគុណ ជូនដល់លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ដែលបានសម្របសម្រួល ដល់ដំណើរទស្សនកិច្ចរបស់ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ មកប្រទេសកម្ពុជា។
ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ព្រមទាំងសហការី ដែលបានគាំទ្រ និងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព មកកាន់រាជធានីភ្នំពេញ និងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកកោះកេរ ពីថ្ងៃទី៥ដល់៨ ខែកក្កដា ឆ្នាំ២០២៤។
ទេសរដ្ឋមន្ត្រី លី ធុជ បានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ដែលបានរៀបចំ និងចូលរួមដោយផ្ទាល់ជាមួយ លោក Jean-Pierre Lacroix សម្រាប់ទស្សនកិច្ចសកម្មភាពបោសសម្អាតមីន ក្នុងភូមិកោះកេរ ដែលកាយវិការនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់សកម្មភាពបោសសម្អាតមីន។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី លី ធុជ សូមថ្លែងអំណរគុណចំពោះ លោកដែលបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ រួមទាំងក្រុមការងាររបស់ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដើម្បីធានាថា ទស្សនកិច្ចរបស់ លោក Jean-Pierre Lacroix ទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កា។
ក្នុងឱកាសនេះផងដែរ ទេសរដ្ឋមន្ត្រី លី ធុជ សូមវាយតម្លៃខ្ពស់ចំពោះការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន និងសង្ឃឹមថា យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងជាបន្ត ក្នុងពេលអនាគត។
ទេសរដ្ឋមន្ត្រី លី ធុជ ក៏សូមកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមីន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រយូរអង្វែង ដល់អង្គការសហប្រជាជាតិ ហើយលោកសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន ដើម្បីការអភិវឌ្ឍមនុស្ស៕
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណ របស់ទេសរដ្ឋមន្ត្រី លី ធុជ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន៖