(ភ្នំពេញ)៖ លោក អាទល់ ខារ៉េ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានបង្ហាញការស្ញប់ស្ញែងជាខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំសុខសន្តិភាពសម្រាប់កម្ពុជា។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ បានគូសរំលេចទៀតថា សម្តេចតេជោ មិនត្រឹមជាមេដឹកនាំ នាំសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ តែក៏បានចូលរួមនាំសន្តិភាពជូនបណ្តាប្រទេសដទៃទៀតផងដែរ តាមរយៈការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
លោក អាទល់ ខារ៉េ បានលើកសរសើរដល់កិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការរកសុខសន្តិភាពនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។
ជំនួបធ្វើឡើងក្នុងពេលលោក អាទល់ ខារ៉េ ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយនៅពេលដឹងថា លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានអញ្ជើញទស្សនកិច្ចនៅខេត្តសៀមរាប និងព្រះវិហារ ហើយបានឃើញដោយផ្ទាល់នូវការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការបោសសម្អាតមីននៅកម្ពុជា ដែលជាស្ថានភាពមួយផ្ទុយស្រឡះពីអតីតកាលរបស់កម្ពុជា។
លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានរំលឹកថា លោកធ្លាប់បានជួបសម្តេចតេជោ លើកដំបូងនៅឆ្នាំ១៩៩២ ក្នុងតួនាទីតំណាងឱ្យប្រទេសឥណ្ឌា ចូលរួមស្វែងរកសន្តិភាពជូនកម្ពុជា។ លោកបានបង្ហាញការកត់សម្គាល់ថា ប្រទេសកម្ពុជា បានឆ្លងកាត់វិថីពោរពេញដោយសង្រ្គាមយូរណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ។
រំលឹកដល់រឿងអតីតកាលដ៏ជូរចត់របស់កម្ពុជា មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដែលបានដឹងរឿងរ៉ាវកម្ពុជាយ៉ាងច្បាស់រូបនេះ បានសម្តែងនូវការសាទរ និងកោតសរសើរយ៉ាងស្មោះចំពោះការដឹកនាំរបស់សម្តេចតេជោ។
លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួនដែលជួបវិបត្តិសង្គ្រាម។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេចថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨មក និង មានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
សម្តេចតេជោ បានបន្ថែមថា កម្ពុជា បានប្រែក្លាយពីអាណាចក្រដ៏ធំនៅអាស៊ី មកជាប្រទេសតូចដូចសព្វថ្ងៃ គឺដោយសារតែសង្រ្គាម ចម្បាំងរាំងជល់ ការបែកបាក់ទឹកដី អស់រយៈពេលជាង ៥០០ឆ្នាំ។
សម្ដេចតេជោ បន្តរំលឹកថា ក្រោយពេលអ៊ុនតាក់ដកចេញពីកម្ពុជា កម្ពុជានៅមានសង្គ្រាមនៅឡើយ។ សម្ដេចបានយកជីវិតទៅប្ដូរ ដោយចូលទៅកាន់តំបន់ខ្មែរក្រហម អនុវត្តនយោបាយឈ្នះ-ឈ្នះ រហូតទទួលបានជោគជ័យ នៅចុងឆ្នាំ១៩៩៨។
«យើងមានសុខសន្តិភាព មកដល់ពេលបច្ចុប្បន្ននេះ ជាសុខសន្តិភាព មានរយៈពេលយូរជាងពេលណាៗទាំងអស់។ ប្រសិនបើគ្មានការអនុវត្តនយោបាយឈ្នះ-ឈ្នះនោះទេ កម្ពុជា ក៏មិនអាចបញ្ជូនកងទ័ពរក្សាសន្តិភាព សហការជាមួយអង្គការសហប្រជាជាតិ ទៅជួយប្រទេសណានោះឡើយ»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ បានជម្រាបមន្ត្រីជាន់ខ្ពស់អង្គការហសប្រជាជាតិថា ក្រោយសម័យប៉ុលពត ប្រជាជនកម្ពុជា មានត្រឹម៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃប្រទេសកម្ពុជា មានប្រជាជនរហូតដល់ចំនួន ១៧លាននាក់ និងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាសក្តានុពលក្នុងការអភិវឌ្ឍប្រទេស។
លោក អាទល់ ខារ៉េ ចាត់ទុកកំណើនប្រជាជនកម្ពុជាដល់ ១៧លាននាក់នេះ ជាភស្តុតាងបង្ហាញឱ្យឃើញភាពជឿជាក់របស់ប្រជាជនកម្ពុជា លើការដឹកនាំរបស់សម្តេចតេជោ។ លោកបន្តថា បើគ្មានភាពជឿជាក់នោះទេ ប្រជាជនក៏នឹងមិនបង្កើតកូនច្រើនលើទឹកដីកម្ពុជានោះឡើយ៕