(កណ្ដាល)៖ លោកស្រី ស៊ូ សុជាតា តំណាងអយ្យការបានចោទប្រកាន់ជនដៃដល់ ដែលបានចាក់សម្លាប់ប្រពន្ធខ្លួនឯងចំបំពង់-ក និងលើដងខ្លួនរបួស ៨កន្លែងបណ្ដាលឲ្យស្លាប់ភ្លាមៗ និងចាក់ប្រុសសាហាយរបស់ប្រពន្ធខ្លួន មួយកាំបិតរបួសធ្ងន់។ ជនដៃដល់ ក៏ត្រូវបានបញ្ជូនរឿងទៅកាន់ចៅក្រមសើបសួរលោក ស្វាយ តុញ រួចរាល់ហើយ ដើម្បីចាត់ការបន្តផងដែរ។
ជនដៃដល់រូបនេះមានឈ្មោះ ស៊ាន សាវឿង អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្តាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរសន្តិសុខ។
លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា ជនដៃដល់ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន និងប៉ុនប៉ងឃាតកម្ម» តាមបញ្ញត្តមាត្រា២០០ និង១៩៩ នៃក្រមព្រហ្មទណ្ឌ។ ឃាតកម្មនេះ បានកើតហេតុនៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី នៅចំណុចបន្ទប់ជួលលេខC26 ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០២នាក់ រួមមាន៖
*ទី១៖ ឈ្មោះឈិន ស្រីនាង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី ស្នាក់នៅផ្ទះជួលភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល (ស្លាប់)។
*ទី២៖ ឈ្មោះសាំង គឹមសាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ pass app ស្នាក់នៅផ្ទះជួលសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ (រងរបួសធ្ងន់)។
ជនសង្ស័យ និងជនរងគ្រោះឈ្មោះ ឈិន ស្រីនាង ជាប្តីប្រពន្ធ មានកូនចំនួន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) ហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍បានយ៉ាងត្រឹមត្រូវ ក្រោយមកដោយរស់នៅជាមួយគ្នាមិនចុះចម្រុង ក៏បានទៅ សុំលែងលះគ្នាជាមួយប្រពន្ធត្រឹមមេភូមិបានរយៈពេល៣ខែ តែនៅមានការទាក់ទងគ្នាតាមទូរសព្ទ (ឆាត) និងធ្លាប់បានរួមភេទជាមួយគ្នាជាច្រើនដងនៅផ្ទះសំណាក់ ដោយមិនឲ្យម្តាយខាងស្រីដឹងទេ។
ប៉ុន្តែខាងស្រី លួចលាក់មានសាហាយ មកដេកនៅជាមួយគ្នាដល់បន្ទប់ជួល នៅសង្កាត់ស្វាយរលំ។ ភាគីប្ដីកើតភ្លើងប្រចណ្ឌ ក៏មកដល់បន្ទប់ជួល ចូលទៅចាក់ប្រុសសាហាយរងរបួសធ្ងន់ និងចាក់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យ ស្លាប់ភ្លាមៗ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកកាំពិតចុងស្រួចចាក់សម្លាប់ជនរងគ្រោះជាប្រពន្ធ និងប្រុសស្នេហ៍របស់ប្រពន្ធរងរបួសធ្ងន់ ដោយសារខឹងប្រពន្ធលួចផិតមានប្រុសថ្មីយកមកដេករួមភេទ នៅក្នុងបន្ទប់ជួលនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន៕