(ភ្នំពេញ)៖ ផ្តើមពីការអបអរសាទរដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ដល់និស្សិតទាំងអស់ អំពីតម្លៃ និងភាពសំខាន់ក្នុងនាមជាធនធានសក្តានុពលរបស់កម្ពុជា ចំពោះការរួមដំណើរជាមួយរាជរដ្ឋាភិបាលដើម្បីការសម្រេចចក្ខុវិស័យ២០៥០។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់បែបនេះថា «និស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុវិស័យ២០៥០ ហើយភាពជោគជ័យរបស់ទាំងអស់គ្នា មិនមែនដាច់ដោយឡែកពីភាពជោគជ័យ នៃសង្គមជាតិឡើយ ព្រោះយើងទាំងអស់គ្នា មានការផ្សាភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់សង្គមកម្ពុជា»

ទន្ទឹមនេះ លោកក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងអាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយចាត់ទុកធនធានមនុស្សជាអាទិភាព និងការផ្តល់បរិយាកាស និងពង្រីកឱកាសជាបន្តបន្ទាប់ជូនដល់មន្ត្រីរាជការ និងយុវជនជាសិស្សនិស្សិត ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់ធនធានមនុស្សកម្ពុជា ហើយជឿកជាក់ថា ប្រតិភូនិស្សិតកម្ពុជាគ្រប់ៗរូប នឹងខិតខំប្រឹងប្រែងក្នុងការសម្រេចជោគជ័យក្នុងការសិក្សា ហើយត្រលប់មកវិញរួមគ្នាប្រើប្រាស់សមត្ថភាព កម្លាំងរួម ក្នុងទិសដៅរួមតែមួយ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ។

លោកសូមជូនពរដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលនឹងត្រូវចេញដំណើរទៅសិក្សានាពេលដ៏ខ្លីខាងមុខនេះ សូមទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕