(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»។
នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរ បងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕