(ភ្នំពេញ)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្ញើសារលិខិតជូនលោក ប៊ុយ ក្វាងហ៊ុយ សមាជិកបំរុងនៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាទី១នៃគណ:កម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ដោយបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។
នៅក្នុងសារលិខិតរបស់លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងដូចនេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពីទទួលបានដំណឹងអំពីមរណភាពរបស់ឯកឧត្តម ង្វៀន ភូ ជុង អគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ មរណភាពរបស់ឯកឧត្តមអគ្គលេខាធិការ គឺជាការបាត់បង់ឥស្សរជននយោបាយដ៏លេចធ្លោ មួយរូបក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរួមដោយផ្ទាល់ដើម្បីស្ថិរភាពរបស់ប្រទេស»។
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមថា លោក ង្វៀន ភូ ជុង នឹងស្ថិតនៅជាមិត្តរបស់កម្ពុជាជានិច្ច។ ពេញមួយជីវិតរបស់លោក គឺជាអ្នកដឹកនាំឆ្នើមដែលមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការលើកកម្ពស់ និងធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទំនើបកម្មស្ថាប័ននៅក្នុងប្រទេសវៀតណាម។ សំខាន់ជាងនេះទៅទៀតលោកជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៃប្រទេសយើងទាំងពីរ ស្របតាមការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផ្តោតលើប្រជាជន។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះលោក ប៊ុយ ក្វាងហ៊ុយ ក្រុមគ្រួសារនៃសពលោកអគ្គលេខាធិការ ព្រមទាំងប្រជាជនវៀតណាម ចំពោះការបាត់បង់ដ៏ធំធេងរបស់រដ្ឋបុរសដ៏ឧត្តុង្គឧត្តម។ សូមវិញ្ញាណក្ខន្ធលោកអគ្គលេខាធិការ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕