(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានលើកឡើងអំពីយុទ្ធសាស្ដ្រ ចំនួន៦ចំណុច និងវិធានការយុទ្ធសាស្ដ្រ ចំនួន៨ចំណុច ដែលជាទិសដៅអាទិភាពសំខាន់ ក្នុងការធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលនីតិកាលទី៧ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ធ្វើឡើងក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាពិភាក្សា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ដ្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។ នេះជាលើកដំបូងក្លិបអ្នកកាសែត ក្រោមការដឹកនាំរបស់លោក ពុយ គា ដែលបានរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទនេះ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រថ្នាក់ជាតិទាំង៦ចំណុច ដាក់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖
*ទី១៖ កាត់បន្ថយតម្រូវការគ្រឿងញៀន
*ទី២៖ កាត់បន្ថយការជួញដូរគ្រឿងញៀន
*ទី៣៖ ការពង្រឹងប្រសិទ្ធភាពព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្ម
*ទី៤៖ ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់
*ទី៥៖ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ
*ទី៦៖ ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ។
ដោយឡែក ចំពោះវិធានការយុទ្ធសាស្ត្រចំនួន៨ចំណុចវិញ មានដូចជា៖
*ទី១៖ ការពង្រឹងការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងក្រោមជាតិ
*ទី២៖ ការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន
*ទី៣៖ ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាហរណកម្មការចាកចេញពីគ្រឿងញៀន
*ទី៤៖ ការពង្រឹងស្ថាប័នអនុវត្តច្បាប់
*ទី៥៖ ពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំ
*ទី៦៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន
*ទី៧៖ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា
*ទី៨៖ អនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕